មហាសេដ្ឋីអាម៉េរិក លោក ប៊ីល ហ្គេត បានថ្លែងថា ស្ថានភាពខ្វះឧស្ម័ន និងប្រភពផ្គត់ផ្គង់នឹងធ្វើឱ្យបណ្ដាប្រទេសនៅ អឺរ៉ុប ងាកទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ។
ឆ្លើយនៅក្នុងកិច្ចសម្ភាសជាមួយ CNBC កាលពីម្សិលមិញ សហស្ថាបនិករបស់ Microsoft លោក ប៊ីល ហ្គេត យល់ថា វិបត្តិប្រភពផ្គត់ផ្គង់ឧស្ម័នរបស់ អឺរ៉ុប គឺពិតជាប្រការ «ល្អ បើគិតវែងឆ្ងាយ»។
លោក ហ្គេត បកស្រាយថា សាធារណជន «ជឿជាក់ថា ការងាកទៅរកថាមពលកកើតឡើងវិញអាចអនុវត្តបានឆាប់»។ ប៉ុន្តែ លោកក៏បានសង្កត់ធ្ងន់ថា ដំណើរការនេះត្រូវការពេល និងផែនការដើម្បីពន្លឿនដំណើរការផ្លាស់ប្ដូរ។
សហភាពអឺរ៉ុប (EU) ថ្មីៗនេះបានឯកភាពគ្នាក្នុងការកាត់បន្ថយ ១៥% នៃតម្រូវការឧស្ម័ននៅក្នុងរដូវរងានេះ «ដើម្បីត្រៀមសម្រាប់លទ្ធភាពដែលប្រភពផ្គត់ផ្គង់ឧស្ម័នពី រុស្ស៊ី ត្រូវបានផ្អាកទាំងស្រុង»។
រុស្ស៊ី បានផ្គត់ផ្គង់ឧស្ម័នប្រហែល ៤០% ទៅឱ្យ អឺរ៉ុប មុនពេល មូស្គូ ចូលឈ្លានពាន អ៊ុយក្រែន កាលពីខែកុម្ភៈ។ ប៉ុន្តែ រុស្ស៊ី ក៏បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នយ៉ាងច្រើនដល់ អឺរ៉ុប ដោយសារទណ្ឌកម្មពីសហភាពនេះ។
អាជ្ញាធរអឺរ៉ុប ទើបតែបានប្រកាសអំពីកញ្ចប់វិធានការបន្ទាន់ថ្មីដែលអនុញ្ញាតឱ្យ អឺរ៉ុប ចរចាទិញឧស្ម័នក្នុងតម្លៃទាប។
កាលពីពេលថ្មីៗនេះ Karen Young ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំមជ្ឈមណ្ឌល Columbia ស្ដីពីគោលនយោបាយថាមពលសកល បានឱ្យដឹងថា បណ្ដាប្រទេសលោកខាងលិចកំពុងតែងាកទៅរកថាមពលកកើតឡើងវិញ។ ប្រការនេះកាន់តែចាំបាច់ដោយសារតែយុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន បាន និងកំពុងបង្កការរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នសម្រាប់អឺរ៉ុប»។ លោកបន្តថា «នេះប្រាកដជាដំណាក់កាលចាប់ផ្ដើមសម្រាប់ការបញ្ចប់ការរកស៊ីមានបានដោយសារប្រេងរ៉ែ»។
យោងតាម Young «តម្លៃប្រេងឡើងខ្ពស់ក្នុងឆ្នាំនេះមិនប្រក្រតី។ វាមិនត្រឹមតែជាវិបត្តិប្រេង ប៉ុន្តែគឺជាការប្ដូរផ្លាស់យ៉ាងធំស្ដីពីរចនាសម្ព័ន្ធថាមពលសកល»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានឱ្យដឹងដែរថា បណ្ដាប្រទេសនាំចេញប្រេងនៅ មជ្ឈិមបូព៌ា ត្រូវបានព្យាករថា រកបាន ១.៣ ទ្រីលានដុល្លារពីឥន្ធនៈហ្វូស៊ីលក្នុងរយៈពេល ៤ ឆ្នាំ ដោយសារការឡើងថ្លៃប្រេងនាបច្ចុប្បន្ន។ ប៉ុន្តែ ក្រុមអ្នកជំនាញព្រមានថា ពួកគេមិនគួរប្រើប្រាស់ខ្ជះខ្ជាយប្រាក់ទាំងនេះ។ បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា គួរតែការពារខ្លួនពីការប្រែប្រួលរបស់តម្លៃប្រេង តាមរយៈការប្រើប្រាស់ប្រាក់ទាំងនេះវិនិយោគទៅលើវិស័យផ្សេងៗដើម្បីធ្វើពិពិធកម្មប្រភពចំណូល ចៀសវាងការពឹងផ្អែកទៅលើតែរ៉ែប្រេង៕