លោក ជេហ្វ បេហ្សូស បានបោះបង់តំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon និងប្រើប្រាស់ពេលវេលាទាំងអស់សម្រាប់វិស័យអវកាស ដើម្បី «ការពារផែនដី»។
សេចក្ដីថ្លែងការណ៍នៅក្នុងព្រឹត្តិការណ៍មនុស្សធម៌មួយនៅ Vatican កាលពីចុងសប្ដាហ៍កន្លង លោក បេហ្សូស ស្ថាបនិករបស់ Amazon បានឱ្យដឹងថា មនុស្សជាច្រើនបានសួរលោកថា ហេតុអ្វីបានជាផ្ដោតការវិនិយោគទៅលើវិស័យអវកាស ខណៈដែលនៅលើផែនដីនៅមានបញ្ហាជាច្រើនត្រូវដោះស្រាយ។ «យើងចូលទៅគ្រប់គ្រងអវកាស មិនមែនដើម្បីបោះបង់ផ្ទះរបស់ខ្លួនឡើយ ប៉ុន្តែគឺដើម្បីការពារវា» លោក បេហ្សូស ឆ្លើយតបដូច្នេះ។
មហាសេដ្ឋីអាម៉េរិក រូបនេះ បានឱ្យដឹងថា លោកបានស្រលាញ់ចូលចិត្តអវកាសតាំងតែពីនៅតូច ដោយចាប់ផ្ដើមពីការទស្សនាខ្សែភាពយន្តបែបវិទ្យាសាស្ត្រ Star Trek។ លោកចូលចិត្តបង្កើតគំរូយានអវកាសតាំងពីពេលនៅវ័យជំទង់ ហើយប្រែក្លាយ «ផ្ទះដាក់ឡានរបស់ខ្លួន ឱ្យទៅជាបន្ទប់ពិសោធន៍»។ លោក បេហ្សូស ថ្លែងថា «ទាំងនោះបានជំរុញឱ្យខ្ញុំឆាប់សម្រេចចិត្តកសាងផ្លូវមួយទៅកាន់វិស័យអវកាស»។
យោងតាមមហាសេដ្ឋីខាងលើ ផែនដីគឺជា «សួនមួយដែលត្រូវការការថែទាំ» ដូច្នេះ ការវិនិយោគទៅក្នុងវិស័យអវកាសនឹងជួយការពារពិភពបៃតងបានល្អជាងមុន។ គោលដៅរយៈពេលខ្លីរបស់ក្រុមហ៊ុន Blue Origin គឺការហោះហើរទៅកាន់គន្លងគោចររបស់តារាវិថីជាមួយនឹងតម្លៃទាប ញឹកញាប់ និងងាយស្រួលធ្វើ។ «គោលដៅរយៈពេលវែងរបស់ Blue Origin គឺការរើវិស័យឧស្សាហកម្មទាំងឡាយដែលបំពុលបរិស្ថាន ចេញពីផែនដី» លោក បេហ្សូស ថ្លែងនៅ Vatican ដូច្នេះ។ «វិថីនេះនៅវែងឆ្ងាយ នឹងមានការលំបាកក្នុងការសម្រេចបាននៅក្នុងជីវិតដែលនៅសល់របស់ខ្ញុំ»។
មហាសេដ្ឋី បេហ្សូស បានបង្កើត Blue Origin កាលពីឆ្នាំ ២០០០ នៅ Kent នៃ រដ្ឋធានីវ៉ាស៊ីងតោន។ ក្រុមហ៊ុននេះធ្វើសកម្មភាពស្ងាត់ៗអស់ជាច្រើនឆ្នាំ មុនពេលល្បីឈ្មោះចាប់ពីឆ្នាំ ២០១០ នៅពេលដណ្ដើមបានកិច្ចព្រមព្រៀងក្នុងការអភិវឌ្ឍសម្រាប់កម្មវិធី Commercial Crew Program របស់ ណាសា។ កាលពីខែកក្កដាឆ្នាំកន្លង Blue Origin មានការហោះហើរដោយមានមនុស្សបើកបរដំបូង ឡើងទៅកាន់ជាយអវកាស ដោយប្រើប្រាស់យានប្រើឡើងវិញ New Shepard។ បេហ្សូស គឺជាមនុស្សម្នាក់នៅក្នុងក្រុមអវកាសចររបស់ Blue Origin ក្នុងជើងហោះហើរដំបូងនោះ។
នៅក្នុងព្រឹត្តិការណ៍នៅ Vatican លោក បេហ្សូស ក៏បានវាយតម្លៃថា មនុស្សអាចទាញយកថាមពលមិនចេះរីងស្ងួតរបស់អគ្គិសនីដែលបំប្លែងពីកម្ដៅព្រះអាទិត្យ ក៏ដូចជាការនិយាយដល់ខ្ទង់វិនិយោគនានារបស់លោកសម្រាប់ពិភពបៃតង។ មហាសេដ្ឋីអាម៉េរិក រូបនេះ ក៏បានអះអាងជាថ្មីអំពីការសន្យាបញ្ចេញប្រាក់ ១០ ពាន់លានដុល្លាររបស់ សម្រាប់ដោះស្រាយបញ្ហាបរិស្ថាន តាមរយៈមូលនិធិផែនដី ដែលត្រូវបានលោកបង្កើតឡើងកាលពីឆ្នាំ ២០២០ ផងដែរ៕