មូលនិធិប្រជាជនអង្គការសហប្រជាជាតិ អំពាវនាវដល់ពិភពលោកថា កុំភ័យភិតនៅពេលចំនួនប្រជាជនពិភពលោកកើនដល់ ៨ ពាន់លាននាក់ ហើយគួរតែផ្ដោតលើការជួយដល់ស្ត្រី និងកុមារ។
ចំនួនប្រជាជនពិភពលោកគ្រោងនឹងកើនឡើងដល់ ៨ ពាន់លាននាក់នៅថ្ងៃទី ១៥ វិច្ឆិកាខាងមុខ ក្នុងគ្រាដែលអ្នកវិភាគមួយចំនួនបានសម្ដែងការបារម្ភអំពីផលប៉ះពាល់នៃការកើនឡើងនេះទៅលើពិភពលោកដែលកំពុងតែដោះស្រាយយ៉ាងត្រដាបត្រដួសនូវបញ្ហាវិសមភាព វិបត្តិអាកាសធាតុ ចំណាកស្រុក និងការភៀសខ្លួនដោយសារសង្គ្រាម។
ក៏ប៉ុន្តែ បណ្ឌិត Natalia Kanem នាយិកាប្រតិបត្តិរបស់មូលនិធិប្រជាជនរបស់ អង្គការសហប្រជាជាតិ (UNFPA) បានអំពាវនាវដល់បណ្ដាប្រទេសថា កុំមានការភ័យភិត ប៉ុន្តែ ត្រូវផ្ដោតលើការជួយដល់ស្ត្រី និងកុមា ជាក្រុមដែលងាយរងគ្រោះបំផុត នៅចំពោះមុខការកើនឡើងនៃចំនួនប្រជាជននេះ។
«ខ្ញុំដឹងថា ទិដ្ឋភាពនេះមិនត្រូវបានមនុស្សគ្រប់គ្នាទទួលស្វាគមន៍។ មនុស្សមួយចំនួនសម្ដែងការព្រួយបារម្ភថា ពិភពលោកនេះកំពុងតែកកកុញ មនុស្សច្រើនពេក និងមិនមានប្រភពធនធានគ្រប់គ្រានដើម្បីរក្សាជីវភាពសម្រាប់ពួកគេ។ ខ្ញុំសូមនិយាយឱ្យបានច្បាស់ថា ចំនួនប្រជាជនកើនឡើងមិនមែនជាមូលហេតុដើម្បីភិតភ័យឡើយ» លោកស្រី Kanem បញ្ជាក់។
លោកស្រី Kanem ឱ្យដឹងថា បើសិនជារដ្ឋាភិបាលគ្រាន់តែផ្ដោតទៅលើតួលេខ នោះពួកគេមានហានិភ័យចាត់វិធានការគ្រប់គ្រងលើចំនួនប្រជាជនដែលប្រវត្តិសាស្ត្របានបញ្ជាក់ថា «មិនមានប្រសិទ្ធភាព តែថែមទាំងបង្កគ្រោះថ្នាក់ទៀតផង។
ដោយសារតែអត្រាចាប់កំណើតថយចុះ ល្បឿននៃកំណើនប្រជាជនពិភពលោកដែលធ្លាប់ឡើងដល់ជាង ២% ក្នុង ១ ឆ្នាំ កាលពីអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០ បច្ចុប្បន្នថយមកនៅត្រឹមក្រោម ១%។ ប៉ុន្តែ ទិដ្ឋភាពសកលកំពុងតែមានភាពខុសគ្នាខ្លាំង ពីប្រទេសមួយទៅប្រទេសមួយ។ អង្គការសហប្រជាជាតិគណនាឃើញថា ៦០% នៃចំនួនប្រជាជនសរុប រស់នៅក្នុងបណ្ដាប្រទេសដែលមានអត្រាចាប់កំណើតស្ថិតក្រោម «កម្រិតកើតជំនួស» (ជាអត្រាដែលចំនួនប្រជាជនរក្សាបានស្ថិរភាព ដោយមិនកើន និងមិនថយចុះ)។
៨ ប្រទេស ក្នុងនោះមាន នីហ្សេរីយ៉ា អេត្យូពី និង ហ្វ៊ីលីពីន ត្រូវបានព្យាករថា នឹងកាន់កាប់ពាក់កណ្ដាលនៃអត្រាកំណើនប្រជាជនក្នុងឆ្នាំ ២០៥០។ ឥណ្ឌា គ្រោងនឹងយកឈ្នះលើ ចិន ចាប់ពីឆ្នាំក្រោយ ហើយក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងពិភពលោក៕