Skip to content

សហរដ្ឋ​អាម៉េរិក ទំនង​ជា​កំពុង​រៀប​ចំ​បញ្ចេញ​ប្រេង ១៥ លាន​ធុង​បន្ថែម​ទៀត​​ពី​​ឃ្លាំង​យុទ្ធ​សាស្ត្រ​ ​

ដើម្បី​ទប់​ស្កាត់​តម្លៃ​សាំង​ឡើង​ថ្លៃ​មក​វិញ រដ្ឋាភិបាល​អាម៉េរិក ត្រូវ​បាន​គេ​ជឿ​ថា នឹង​បន្ត​លក់​ប្រេង​ច្រើន​លាន​ធុង​បន្ថែម​ទៀត​ ពីឃ្លាំង​យុទ្ធសាស្ត្រ​។

Bloomberg ដកស្រង់​ព័ត៌មាន​ពី​ប្រភព​ជិត​ស្និទ្ធ​ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក បៃដិន ជិត​ប្រកាស​អំពី​ការ​បញ្ចេញ​ប្រេង​បន្ថែម​ពី ១០ ទៅ ១៥ លាន​ធុង​ពី​ឃ្លាំង​ជាតិ​ ក្នុង​បំណង​រក្សា​តុល្យភាព​តម្លៃ​ក្នុង​ទីផ្សារ​ និង​ទប់​ស្កាត់​សាំង​​ឡើង​ថ្លៃ​ខ្ពស់​ជាថ្មី​​។

ខាងលើ​នេះ​នឹង​ជា​ការ​បញ្ចេញ​ប្រេង​ថ្មី​បំផុត​នៅ​ក្នុង​កម្មវិធី​លក់​ប្រេង​ ១៨០ លាន​ធុង​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ​នេះ​។ ផែនការ​បញ្ចេញ​ប្រេង​ ១៨០ លាន​ធុង​ពី​ឃ្លាំង​យុទ្ធ​សាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក គ្រោង​នឹង​អូស​បន្លាយ​ពេល​ ៦ ខែ​ ចាប់​ពី​ខែ​ឧសភា​ ២០២២​។

រដ្ឋាភិបាល​របស់​លោក បៃដិន សប្ដាហ៍​នេះ​ក៏​មាន​គម្រោង​ប្រកាស​អំពី​ផែនការ​បំពេញ​ឃ្លាំង​ប្រេង​របស់​ខ្លួន​ផងដែរ​។ ក្រសួង​ថាមពល​អាម៉េរិក ក៏​កំពុង​តែ​ពិចារណា​អំពី​ការ​កាត់បន្ថយ​ការ​នាំ​ចេញ​ប្រេង​ឥន្ធនៈ​ដើម្បី​រក្សា​ប្រភព​ផ្គត់​ផ្គង់​ប្រេង​សាំង​ក្នុង​ស្រុក​ នេះ​បើ​តាម Bloomberg។

សេតវិមាន​ នៅ​តែ​ស្វែងរក​វិធី​ដើម្បី​បញ្ចុះ​តម្លៃ​សាំង​ និង​បង្កើន​បរិមាណ​​ឥន្ធនៈ​ក្នុង​ឃ្លាំង​ ត្រៀម​សម្រាប់​រដូវ​រងា​ ពិសេស​ក្នុង​ស្ថានការណ៍​​ដែល OPEC+ (ក្រុម​ប្រទេស​ផលិត​ និង​ដៃគូ​នាំចេញ​ប្រេង​) កាត់​បន្ថយ​បរិមាណ​ប្រេង​នាំ​ចេញ​។ តម្លៃ​សាំង​នា​បច្ចុប្បន្ន គឺជា​អាទិភាព​កំពូល​របស់​លោក បៃដិន​។ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​ លោក​ បៃដិន បាន​ព្រមាន​ជា​បន្ត​បន្ទាប់​ចំពោះ​ក្រុម​ហ៊ុន​ឥន្ធនៈ​ ទាក់​ទង​នឹង​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណាយ​។

«តម្លៃ​សាំង​កំពុង​​ឡើង​​ខ្ពស់​ខ្លាំង​ ហើយ​យើង​ត្រូវ​ការ​បញ្ចុះ​តម្លៃ​» ប្រធានាធិបតី​អាម៉េរិក លោក​ ចូ បៃដិន ថ្លែង​ដូច្នេះ​​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​​នៅ Los Angeles កាល​ពី​សប្ដាហ៍​កន្លង៕

Leave a Reply

Your email address will not be published. Required fields are marked *