Skip to content

សម្ដេចសង្ឃ​ អំពាវនាវ​ឱ្យ​​ពិភពលោក​ «កែទម្រង់» ​អង្គការ​សហប្រជាជាតិ​

សម្ដេចសង្ឃ​រ៉ូម៉ាំងកាតូលិកប៉ាប Francis យល់​ថា តម្រូវ​ការ​ស្ដីពី​ការ​កែទម្រង់​អង្គការ​សហប្រជាជាតិ​ «បាន​ក្លាយ​ជា​រឿងច្បាស់​លាស់​​ណាស់​ទៅ​ហើយ» ក្រោយ​ពី​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ និង សង្គ្រាម​រវាង រុស្ស៊ី និង​ អ៊ុយក្រែន​។

នៅ​ក្នុង​សៀវ​ភៅ​មួយ​ក្បាល​ដែល​ជិត​ត្រូវ​បាន​ផ្សព្វផ្សាយ​ សម្ដេច​ប៉ាប​ Francis ឱ្យ​ដឹង​ថា យុទ្ធ​នាការ​យោធា​ដែល​ រុស្ស៊ី បាន​ធ្វើ​ឡើង​នៅ អ៊ុយក្រែន កាល​ពី​ខែ​កុម្ភៈ បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​ការ​ធានានូវ​យន្ត​ការ​ពហុភាគី​នា​បច្ចុប្បន្ន​ ពិសេស​គឺ​ ក្រុម​ប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ ក្នុង​ការ​ស្វែង​រកឱ្យ​ឃើញ​នូវ​​វិធី​ក្នុង​រយៈ​ពេល​ខ្លី​ និង​មាន​ប្រសិទ្ធ​ភាព​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា។

«ក្នុង​ជម្លោះ​ ​ត្រូវ​តែ​​បញ្ជាក់​ថា​ យើង​ត្រូវ​ការ​លទ្ធិ​ពហុភាគី​ជាង​មុន ក៏ដូចជា​លទ្ធិពហុភាគី​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​ ប៉ុន្តែ អង្គការ​សហប្រជាជាតិ​​ លែង​សមស្រប​ជាមួយ​នឹង​ «ការពិត​ថ្មី​នេះ​ទៀតហើយ»» សម្ដេច​ប៉ាប Francis អះអាង​ដូច្នេះ​។

យោង​តាម​សម្ដេច​ប៉ាប Francis អង្គការ​សហប្រជាជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​មហន្តរាយ​ដែល​ដូច​ទៅ​នឹង​សង្គ្រាម​លោក​លើក​ទីពីរ​។ ក៏ប៉ុន្តែ បើ​ទោះ​ជា​ការ​គំរាម​កំហែង​ពី​ជម្លោះ​នេះ​នៅ​តែ​មាន «ពិភពលោក​បានប្រែប្រួល​​ខុស​ពី​មុន​ទៅ​ហើយ»។

«សារសំខាន់​នៃ​កំណែ​ទម្រង់​នេះ​កាន់​តែ​បង្ហាញ​ច្បាស់​ក្រោយ​ពី​ជំងឺរាតត្បាត​សកល» នៅ​ពេល​ប្រព័ន្ធ​ពហុ​ភាគីបច្ចុប្បន្ន​ «បាន​បង្ហាញ​អំពី​​កម្សោយ​ទាំង​ស្រុង​របស់វា​» សម្ដេច​ប៉ាប Francis សង្កត់​ធ្ងន់​ដូច្នេះ​។

សម្ដេច​សង្ឃ​ក៏​បាន​រិះ​គន់​ចំពោះ​ការ​បែង​ចែក​វ៉ាក់សាំង​មិន​បាន​ស្មើ​ភាព​គ្នា «ដែល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​»ថា អ្នក​ខ្លាំង​មាន​ប្រៀប​ជាង​ ធៀប​នឹង​សាមគ្គីភាព​។

សម្ដេច​ប៉ាប​ អំពាវនាវ​ឱ្យ​មាន​ការ​កែទម្រង់​នេះ​គឺដើម្បី​អនុញ្ញាត​ឱ្យ​បណ្ដា​អង្គការ​អន្តរជាតិ​ កំណត់​ឡើងវិញ​នូវ​​គោល​ដៅ​សំខាន់​របស់​ពួក​គេ​គឺ​ «ការ​បម្រើ​មនុស្ស​ជាតិ» ដោយ​បញ្ជាក់ថា ស្ថាប័ន​អន្តរជាតិ​នានា​ ត្រូវ​តែ​ជា​លទ្ធផល​នៃ​ «ការ​យល់​ព្រម​ទូលំទូលាយ​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅបាន»។

សៀវភៅ​ថ្មី​របស់​សម្ដេចប៉ាប Francis ដែល​មាន​ចំណង​ជើង​​ថា «ខ្ញុំ​ក្នុង​នាម​ជា​ព្រះ​ សូម​អំពាវនាវ​ដល់​អ្នក​៖ ការ​បួសសួង​ដប់​ប្រការសម្រាប់​អនាគត​ដែល​​ពេញ​ដោយ​ក្ដី​សង្ឃឹម» នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​​នៅ​ ប្រទេស​អ៊ីតាលី ចាប់​ពី​ថ្ងៃទី ១៨ តុលា​ខាងមុខ​៕

Leave a Reply

Your email address will not be published. Required fields are marked *