រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក Janet Yellen អំពាវនាវដល់សម្ព័ន្ធមិត្តឱ្យពន្លឿនការផ្ដល់ប្រាក់ជំនួយដល់ អ៊ុយក្រែន ក្រោយពីមានករណីវាយប្រហារទ្រង់ទ្រាយធំពីមីស៊ីលរបស់ រុស្ស៊ី ទៅលើទីក្រុងជាច្រើនរបស់ប្រទេសជិតខាង។
«យើងកំពុងអំពាវនាវដល់ដៃគូសហការ និងសម្ព័ន្ធមិត្ត ឱ្យរួមដៃជាមួយយើងដោយការពន្លឿនការអនុវត្តកិច្ចសន្យារបស់ពួកគេជាមួយ អ៊ុយក្រែន និងជំរុញការអនុវត្តបន្ថែមទៀត» លោកស្រី Yellen កាលពីថ្ងៃទី ១១ តុលា បានឱ្យដឹងដូច្នេះនៅពេលទទួលជួបសមភាគីអ៊ុយក្រែន Sergii Marchenko។
យោងតាម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក ការបង្កើនទំហំ និងការពន្លឿនការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុនឹងជួយឱ្យ អ៊ុយក្រែន រក្សាស្ថិរភាពនៃសេវាកម្មសំខាន់ៗរបស់រដ្ឋាភិបាល ក៏ដូចជាការស្ដារ និងស្ថាបនាប្រទេសឡើងវិញ។
លោកស្រី Yellen បញ្ជាក់ថា សហរដ្ឋអាម៉េរិក នឹងចាប់ផ្ដើម «ផ្ដល់ជំនួយជាទឹកប្រាក់ ៤.៥ ពាន់លានដុល្លារដែលត្រូវបានសភាអនុម័តកាលពីថ្ងៃទី ៣០ កញ្ញា ទៅឱ្យ រដ្ឋាភិបាលអ៊ុយក្រែន ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ»។
នេះគឺជាផ្នែកមួយនៅក្នុងកញ្ចប់ជំនួយមួយដែលមានតម្លៃ ១២.៣ ពាន់លានដុល្លារដែល អាម៉េរិក គ្រោងនឹងផ្ដល់ឱ្យ អ៊ុយក្រែន ដើម្បីទប់ទល់នឹង រុស្ស៊ី។
សង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន បានឡើងកម្ដៅខ្លាំងនាប៉ុន្មានសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីកាយវិការបន្ថែមភាពតានតឹងជាច្រើនត្រូវបានធ្វើឡើង ក្នុងនោះមានដូចជា ទីក្រុងមូស្គូ ប្រកាសច្របាច់បញ្ចូល ៤ តំបន់របស់ អ៊ុយក្រែន ទៅក្នុងទឹកដីរុស្ស៊ី, ប្រធានាធិបតីរុស្ស៊ី ប្រកាសកែនទ័ព ៣០០,០០០ នាក់, ស្ពាន Kerch នៅ គ្រីមៀ រងការវាយប្រហារ និងទីក្រុងជាច្រើនរបស់ អ៊ុយក្រែន ត្រូវរងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ រុស្ស៊ី៕