ទ័ពអាកាសអ៊ីតាលី បានបញ្ជូនក្រុមយន្តហោះចម្បាំងបន្ទាន់ទៅបណ្ដេញយន្តហោះយោធារបស់ រុស្ស៊ី ដោយចោទថា បានរំលោភលើដែនអាកាសរបស់ ប្រទេសប៉ូឡូញ និង ស៊ុយអែត។
«ក្រុមយន្តហោះចម្បាំង Typhoon របស់ អ៊ីតាលី ដែលចូលរួមបេសកកម្មការពារដែនអាកាសរបស់ ប៉ូឡូញ បានហោះហើរជាបន្ទាន់ទៅរារាំងយន្តហោះចម្បាំង ៤ គ្រឿងរបស់ រុស្ស៊ី ដែលចូលមកដែនអាកាសប្រទេសនេះ និង ស៊ុយអែត បង្ខំឱ្យពួកគេត្រលប់ចូលកាន់ដែនអាកាស Kaliningrad» ទ័ពអាកាសអ៊ីតាលី ប្រកាសលើ Twitter កាលពីថ្ងៃទី ០៥ តុលា អមជាមួយនឹងរូបភាពបង្ហាញអំពីយន្តហោះចម្បាំង Typhoon យ៉ាងតិច ៣ គ្រឿង កំពុងត្រៀមហោះឡើង។
ក្រសួងការពារជាតិរបស់ ប្រទេសរុស្ស៊ី មិនទាន់មានការអធិប្បាយអ្វីនៅឡើយទាក់ទិននឹងព័ត៌មានខាងលើ។
ហេតុការណ៍នេះកើតឡើងក្នុងគ្រាដែលភាពតានតឹងរវាង រុស្ស៊ី និងលោកខាងស្ថិតនៅក្នុងកម្រិតខ្ពស់ ដោយសារសង្គ្រាមនៅ អ៊ុយក្រែន៕