ប្រធានាធិបតីអាម៉េរិក លោក បៃដិន យល់ថា ដោយសារតែសង្គ្រាមនៅ អ៊ុយក្រែន ពិភពលោកជាលើកដំបូងកំពុងតែប្រឈមនឹងហានិភ័យ «ថ្ងៃវិនាសរបស់ផែនដីដោយសារនុយក្លេអែរ» រាប់ចាប់ពីសង្គ្រាមត្រជាក់។
«យើងមិនធ្លាប់បានប្រឈមនឹងហានិភ័យកើតមានថ្ងៃវិនាសរាប់ចាប់តាំងពីសម័យរដ្ឋាភិបាល Kennedy រួមនឹងវិបត្តិមីស៊ីលគុយបា ឆ្នាំ ១៩៦២។ នេះគឺជាលើកដំបូងចាប់តាំងពីសង្គ្រាមត្រជាក់ ដែលពិភពលោកបានឃើញការគំរាមកំហែងផ្ទាល់ពីអាវុធនុយក្លេអែរ បើសិនជាគ្រប់យ៉ាងបន្តទៅតាមទិសដៅដូចបច្ចុប្បន្ន» ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ថ្លែងនៅក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់របស់ បក្សប្រជាធិបតេយ្យ នៅ New York កាលពីម្សិលមិញ។
លោក បៃដិន យល់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន «មិននិយាយលេងសើច» នៅពេលព្រមានថា ត្រៀមរួចរាល់សម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអែរនៅ សមរភូមិអ៊ុយក្រែន។
ពាក្យចចាមអារ៉ាមស្ដីអំពីសកម្មភាពនុយក្លេអែររបស់ រុស្ស៊ី ត្រូវបានលើកឡើងបន្ទាប់ពីលោក ពូទីន កាលពីថ្ងៃទី ២១ កញ្ញា បានចេញបទបញ្ជាកែនទ័ពមួយផ្នែកជាលើកដំបូងរាប់ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ សម្រាប់ចូលសមរភូមិនៅ អ៊ុយក្រែន។ លោក ពូទីន ក៏បានព្រមានលោកខាងលិចថា រុស្ស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអែរដើម្បីការពារបូរណភាពទឹកដី ក្នុងនោះមានទាំង ៤ ខេត្តរបស់ អ៊ុយក្រែន ដែល រុស្ស៊ី ទើបតែបានរឹបអូសផងដែរ៕