កងទ័ពកូរ៉េខាងត្បូង ប្រកាសថា យន្តហោះចម្បាំង ១២ គ្រឿងរបស់ កូរ៉េខាងជើង ធ្វើសមយុទ្ធនៅក្បែរព្រំដែនប្រទេសនេះ ធ្វើឱ្យ ទីក្រុងសេអ៊ូល បញ្ជូនយន្តហោះចម្បាំង ៣០ គ្រឿងទៅទប់ទល់។
ក្រុមប្រឹក្សានៃសេនាធិការដ្ឋានចម្រុះកូរ៉េខាងត្បូង ថ្ងៃនេះបានឱ្យដឹងថា យន្តហោះចម្បាំង ៨ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក ៤ គ្រឿងរបស់ កូរ៉េខាងជើង ហោះហើរឆ្ពោះទៅកាន់ព្រំដែនភាគខាងជើង និងត្រូវបានគេជឿថា ធ្វើសមយុទ្ធអាកាសប្រឆាំងដី។
កូរ៉េខាងត្បូង បានបញ្ជូនយន្តហោះចម្បាំង ៣០ គ្រឿងចេញទៅទប់ទល់សកម្មភាពរបស់ កូរ៉េខាងជើង។ បច្ចុប្បន្ន ទីក្រុងព្យុងយ៉ាង មិនទាន់មានប្រតិកម្មអ្វីនៅឡើយ ទាក់ទិននឹងព័ត៌មាននេះ។
កូរ៉េខាងជើង ថ្មីៗនេះ បានធ្វើការបាញ់ប្លោងមីស៊ីលជាបន្តបន្ទាប់។ ប្រទេសនេះកាលពីព្រឹកមិញក៏បានបាញ់មីស៊ីលប្លោង ២ គ្រាប់ទៅកាន់សមុទ្រខាងកើត ដែលនេះក៏ជាការបាញ់មីស៊ីលលើកទី ៦ របស់ទីក្រុងព្យុងយ៉ាង ក្នុងរង្វង់ ១២ ថ្ងៃកន្លងមក។
សហរដ្ឋអាម៉េរិក និង កូរ៉េខាងត្បូង ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ បានបង្កើនការធ្វើសមយុទ្ធរួមគ្នា ដើម្បីកំញើញ កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង បានថ្កោលទោសថា នេះគឺជា «ការបង្កភាពតានតឹងនៅ ឧបទ្វីបកូរ៉េ៕