ប្រធានាធិបតី ចូ បៃដិន ប្រកាសថា សហរដ្ឋអាម៉េរិក នឹងផ្ដល់ជំនួយសន្តិសុខបន្ថែមតម្លៃ ៦២៥ លានដុល្លារ ដល់ អ៊ុយក្រែន ក្នុងនោះមានទាំងប្រព័ន្ធមីស៊ីល HIMARS ផងដែរ។
នៅក្នុងការពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានថ្លែងថា ទីក្រុងវ៉ាស៊ីងតោន សន្យាថា «បន្តជួយដល់ អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះអាចការពារខ្លួននៅចំពោះមុខ រុស្ស៊ី ក្នុងពេលចាំបាច់» នេះបើតាមប្រកាសរបស់ សេតវិមាន។
កញ្ចប់ជំនួយតម្លៃ ៦២៥ លានដុល្លារនេះ រួមមាន ប្រព័ន្ធ HIMARS ចំនួន ៤ គ្រឿង អមជាមួយមីស៊ីល, កាំភ្លើងធំ Howitzer ៣២ គ្រឿង រួមនឹងគ្រាប់កាំភ្លើង និងរថពាសដែកជាដើម។ គិតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក បានសន្យាផ្ដល់ជំនួយជាអាវុធ HIMARS ចំនួន ២០ គ្រឿង សម្រាប់ អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានអរគុណ្យដល់សមភាគីអាម៉េរិក ព្រោះបាន «បន្តផ្ដល់ជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុ» ដល់ អ៊ុយក្រែន។
ខ្ទង់ប្រាក់ជាង ៦០០ លានដុល្លារខាងលើគឺជាកញ្ចប់ជំនួយដំបូងរបស់ សហរដ្ឋអាម៉េរិក រាប់ចាប់តាំងពី រុស្ស៊ី ប្រកាសរឹបអូសទឹកដី ៤ ខេត្តរបស់ អ៊ុយក្រែន។
រដ្ឋាភិបាលរបស់លោក បៃដិន បានផ្ដល់ជំនួយជាង ១៦.៨ ពាន់លានដុល្លារដល់ ទីក្រុងកៀវ ចាប់តាំងពី រុស្ស៊ី បើកយុទ្ធនាការយោធាពិសេសនៅ អ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២៕