មេដឹកនាំខេត្ត Java ខាងកើត បានបញ្ជាក់អំពីតួលេខនៃអ្នកស្លាប់ក្នុងករណីរត់ជាន់គ្នានៅកីឡដ្ឋាន Kanjuruhan នាទីក្រុង Malang ថា មាន ១២៥ នាក់ មិនមែន ១៧៤ ដូចដែលបានប្រកាសមុននោះ។
«តួលេខអ្នកស្លាប់គឺ ១២៥ នាក់ ក្នុងនោះមាន ១២៤ នាក់ត្រូវបានស្គាល់អត្តសញ្ញាណ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។ ឈ្មោះរបស់មនុស្សមួយចំនួនត្រូវបានកត់ត្រាពីរលើក ដោយសារតែពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេង ដែលនៅទីនោះឈ្មោះរបស់ពួកគេត្រូវបានកត់ត្រាម្ដងទៀត» អភិបាលរងខេត្ត Java ខាងកើត Emil Dardak ថ្លែងកាលពីថ្ងៃទី ០២ តុលាដូច្នេះ។ លោកបានឱ្យដឹងថា តួលេខនេះត្រូវបាននគរបាលក្នុងតំបន់ប្រមូលយកពី ១០ មន្ទីរពេទ្យ។
ករណីរត់ជាន់ជើងគ្នានៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang ដែលស្ថិតនៅលើកោះ Java របស់ ឥណ្ឌូណេស៊ី បានកើតឡើងកាលពីថ្ងៃទី ០១ តុលា បន្ទាប់ពីក្រុមប៉ូលិសបានបាញ់គ្រាប់បែកផ្សែងដើម្បីបង្ក្រាបអំពើហិង្សារបស់ហ្វូងមនុស្ស ក្រោយពីការប្រកួតបាល់ទាត់រវាងក្រុម Arema និងក្រុម Persebaya Surabaya។
ស្នងការប៉ូលេសខេត្ត Java ខាងកើត Nico Afinta បានឱ្យដឹងថា ក្រុមអ្នកគាំទ្រក្រោយមកក៏ភ័យស្លន់ស្លោ ដណ្ដើមគ្នារត់ចេញពីទីលានបាល់ទាត់តាមច្រកបណ្ដោះអាសន្ន បណ្ដាលឱ្យមានករណីជាន់គ្នាស្លាប់នេះ។
លោក Nico Afinta បញ្ជាក់ថា ៣៤ នាក់បានស្លាប់នៅក្នុងកីឡដ្ឋាន ក្នុងនោះមានប៉ូលិស ២ នាក់ផងដែរ។ លោកថា ប៉ូលិសបានអនុវត្តវិធានការបង្ការមុនពេលបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ដោយសារតែក្រុមអ្នកគាំទ្រចាប់ផ្ដើមវាយប្រហារលើប៉ូលិស និងបំផ្លាញរថយន្តសមត្ថកិច្ច។
ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo កាលពីម្សិលមិញ បានចេញបញ្ជាឱ្យផ្អាករាល់ការប្រកួតនៅ Liga 1 រហូតដល់ការស៊ើបអង្កេតលើករណីខាងលើបានចប់សព្វគ្រប់។
…