Skip to content

ផ្ទុះ​ឃ្លាំង​គ្រាប់រំសេវ​របស់ រុស្ស៊ី ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន បណ្ដាលឱ្យ​មនុស្ស​ជាង ១០ នាក់​រងរបួស

ឃ្លាំង​អាវុធ​មួយកន្លែង​របស់ រុស្ស៊ី នៅក្នុង​ខេត្ត Belgorod ក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន បាន​ផ្ទុះ បណ្ដាលឱ្យ​មនុស្ស ១៤ នាក់​ត្រូវ​រងរបួស ខណៈដែល​មូលហេតុ​ត្រូវបាន​ក្រុមមន្ត្រី​ក្នុង​តំបន់​យល់ថា​គឺជា «កំហុស​របស់​មនុស្ស»។

«ដោយសារ​កត្តា​មនុស្ស ឃ្លាំង​គ្រាប់រំសេវ​មួយ​បាន​ផ្ទុះ នៅក្នុង​ខណ្ឌ Valuysky» Vyacheslav Gladkov អភិបាលខេត្ត Belgorod នៅ​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី សរសេរ​លើ​បណ្ដាញ​សង្គម Telegram កាលពី​ថ្ងៃទី ២៨ កញ្ញា​ដូច្នេះ។ អភិបាលខេត្ត​ខាងលើ​បន្ថែមថា អ្នក​ដែល​រងរបួស​បានទទួល​ការព្យាបាល ហើយ​កងកម្លាំង​សង្គ្រោះបន្ទាន់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ។

ខណ្ឌ Valuysky មាន​ប្រជាជន​ប្រហែល ៣៨ ពាន់​លាន ស្ថិតនៅ​ចម្ងាយ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន ប្រហែល ១៥ គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង។ តំបន់​នេះ​ធ្លា​ប់រង​ការវាយប្រហារ​បន្ទាប់ពី​កងទ័ព​របស់ រុស្ស៊ី ដក​ចេញពី​ខេត្ត Kharkov ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ដើមខែ​នេះ។

ក្នុង​មួយរយៈ​ពេល​ខ្លី​ចុង​ក្រោយនេះ ឃ្លាំង​អាវុធ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្ត Belgorod របស់ រុស្ស៊ី បាន​ផ្ទុះ​ជា​បន្តបន្ទាប់។ អភិបាល​របស់ ខេត្ត Belgorod បានឱ្យដឹងថា ហេតុការណ៍​ភាគច្រើន​កើតឡើង​ដោយសារ​កត្តា​មនុស្ស ឬ​អាកាសធាតុ​ក្ដៅ​ខ្លាំង ប៉ុន្តែ​ក៏បាន​ចោទថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​ប្លោង​គ្រាប់​ដាក់​តំបន់​នេះ​ផងដែរ។

អាជ្ញាធរ​អ៊ុយ​ក្រែ​ន តែងតែ​ចៀសវាង​ការប្រកាស​ថា​នៅ​ពីក្រោយ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​អាវុធ​នៅ រុស្ស៊ី ប៉ុន្តែ ធ្លាប់បាន​ចំអក​ថា ទាហាន​រុស្ស៊ី មានការ​ធ្វេសប្រហែស។ អភិបាលខេត្ត Lugansk របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៤ កញ្ញា បាន​ព្រមាន​ថា កងទ័ព​អ៊ុយ​ក្រែ​ន អាច​នឹង​វាយប្រហារ​ចូលក្នុង​ទឹកដី​របស់ រុស្ស៊ី បើសិនជា​ចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *