Skip to content

រថយន្ត​ដឹកទំនិញ​​ក្រឡាប់​ ​បណ្ដាល​ឱ្យ​​មនុស្ស​​ជាង​ ៣០ ​នាក់​​បាត់​​បង់​ជីវិត​ នៅ​ កុង​ហ្គោ

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​នៅ ប្រទេស​កុង​ហ្គោ បណ្ដាលឱ្យ​មនុស្ស ៣៤ នាក់ ក្នុងនោះ​មាន​ក្មេង ១៦ នាក់​បាត់​បង់ជីវិត។

កាលពី​ថ្ងៃទី ២៨ កញ្ញា អាជ្ញាធរ​ក្នុងស្រុក​បានបញ្ជាក់​ថា មនុស្ស ៣៤ នាក់​ក្នុងនោះ​មាន​ក្មេង​ចំនួន ១៦ នាក់ បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ​នៅ​តំបន់​ភាគ​និរតី​របស់ សាធារណរដ្ឋ​កុង​ហ្គោ។

យោងតាម​ព័ត៌មាន​នៅ អាហ្វ្រិក លោកស្រី Clementine Lupanda ដែលជា​អភិបាល​តំបន់ Lubudi ក្នុង​ខេត្ត Lualaba បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ខាងលើ​កើតឡើង​នៅ​ថ្ងៃទី ២៦ កញ្ញា។

រថយន្ត​មួយគ្រឿង​ដែល​ដឹកទំនិញ​ផង និង​ដឹក​អ្នកដំណើរ​ផង ធ្វើដំណើរ​ពី​ខេត្ត Kasai-Oriental ឆ្ពោះទៅកាន់​ខេត្ត Lualaba ហើយ​ក៏បាន​ក្រឡាប់​នៅពេល​កំពុង​ផ្លាស់​ទី​លើ​ដងផ្លូវ​ចោត​មួយកន្លែង។

ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់ មាន ៩ នាក់​ជា​បុរស, ៩ នាក់​ជា​ស្ត្រី និង ១៦ នាក់​គឺជា​ក្មេង​មិនទាន់​គ្រប់​អាយុ។ ក្នុងចំណោម​មនុស្ស​ជិត ៦០ នាក់​ដែល​នៅ​រស់រានមានជីវិត មាន ៣៧ នាក់​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុ​កាណ៍​ដ៏​រន្ធត់​នេះ​ត្រូវបាន​គេ​ជឿថា បណ្ដាលមកពី​រថយន្ត​បើកបរ​ហួស​ល្បឿន​កំណត់​នៅពេល​ឡើង​ទួល និង​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា៕

Leave a Reply

Your email address will not be published. Required fields are marked *