នាវាផ្ទុកយន្តហោះចម្បាំងអាម៉េរិក USS Ronald Reagan ថ្ងៃនេះបានចូលចតនៅកំពង់ផែរបស់ ប្រទេសកូរ៉េខាងត្បូង ជាលើកដំបូងក្រោយរយៈពេល ៤ ឆ្នាំ ដែលនេះត្រូវបានគេជឿថា ដើម្បីកំញើញ កូរ៉េខាងជើង។
ក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan របស់ សហរដ្ឋអាម៉េរិក ថ្ងៃនេះបានចូលចតក្នុងកំពង់ផែ Busan ដែលមានចម្ងាយពី រដ្ឋធានីសេអ៊ូល ប្រហែល ៣៩០ គីឡូម៉ែត្រទៅទិសខាងត្បូង។ នេះគឺជាលើកដំបូងដែលនាវាផ្ទុកយន្តហោះចម្បាំងអាម៉េរិក មកកាន់ ទឹកដីកូរ៉េខាងត្បូង រាប់ចាប់តាំងពីឆ្នាំ ២០១៨។
ក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan រួមមាន នាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan, នាវាល្បាតសមុទ្របំពាក់មីស៊ីលមានប្រព័ន្ធនាំផ្លូវ USS Chancellorsville និងនាវាពិឃាត USS Barry។
តាមផែនការ ក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan នឹងចូលរួមធ្វើសមយុទ្ធរួមជាមួយ កូរ៉េខាងត្បូង នៅលើសមុទ្រខាងកើតរបស់ប្រទេសនេះនៅចុងខែ។ នាវាមុជទឹកនុយក្លេអែរ USS Annapolis របស់ សហរដ្ឋអាម៉េរិក ក៏គ្រោងនឹងបង្ហាញវត្តមានផងដែរ។
«ការបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងមកនេះគឺជាការសម្ដែងឱ្យឃើញអំពីភាពរឹងមាំរបស់សម្ព័ន្ធភាពអាម៉េរិក-កូរ៉េខាងត្បូង និងដើម្បីកំញើញការគំរាមកំហែងដោយមីស៊ីល និងអាវុធនុយក្លេអែររបស់ កូរ៉េខាងជើង» មន្ត្រីជាន់ខ្ពស់មួយរូបរបស់ កូរ៉េខាងត្បូង សុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ដូច្នេះ។
USS Ronald Reagan មកកាន់ Busan បន្ទាប់ពី ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងសមាសភាគីកូរ៉េខាងត្បូង យូន សកយ៉ល (Yoon Suk-yeol) បញ្ជាក់ជាថ្មីអំពីការសន្យាដែលថានឹងដាក់ពង្រាយសព្វាវុធយុទ្ធសាស្ត្ររបស់ សហរដ្ឋអាម៉េរិក «ឱ្យបានទាន់ពេល និងសហការនៅពេលចាំបាច់» នៅក្នុងជំនួបកំពូលនៅ សេអ៊ូល កាលពីខែឧសភា ២០២២។
កូរ៉េខាងជើង ថ្កោលទោសចំពោះសមយុទ្ធយោធារួមនានារវាង សហរដ្ឋអាម៉េរិក និង កូរ៉េខាងត្បូង ដោយចាត់ទុកថា ទាំងនោះគឺជាការត្រៀមសម្រាប់សង្គ្រាមប្រឆាំង កូរ៉េខាងជើង៕