ម្ចាស់ឆ្នោតនៅក្នុងតំបន់ចំនួន ៤ របស់ អ៊ុយក្រែន ដែលគ្រប់គ្រងដោយ រុស្ស៊ី នឹងបោះឆ្នោតសម្ដែងមតិចំពោះការច្របាច់បញ្ចូលទឹកដីទាំងនេះទៅក្នុងប្រទេសរុស្ស៊ី ចាប់ពីថ្ងៃនេះ និងទៅតាម ២ ដំណាក់កាល។
ទឹកដីផ្ដាច់ខ្លួន សាធារណរដ្ឋប្រជាមានិត Donetsk (DPR) និង សាធារណរដ្ឋប្រជាមានិត Lugansk (LPR) នៅក្នុងតំបន់ Donbass រួមនឹងតំបន់ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី នៅក្នុងខេត្ត Kherson និងខេត្ត Zaporizhzhia របស់ អ៊ុយក្រែន នឹងធ្វើប្រជាមតិអំពីបំណងច្របាច់បញ្ចូលទឹកដីទាំងនេះទៅក្នុងប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ កញ្ញា ២០២២។
ដំណើរការបោះឆ្នោតត្រូវបានចែកជា ២ ដំណាក់កាល នេះបើតាមមន្ត្រីស្និទ្ធនឹង រុស្ស៊ី នៅក្នុងតំបន់ខាងលើ។ ថ្ងៃបោះឆ្នោតផ្ទាល់នៅតាមទីតាំងរៀបចំការបោះឆ្នោតនឹងធ្វើឡើងក្នុងថ្ងៃទី ២៧ កញ្ញា។ ក្នុងរយៈពេល ៤ ថ្ងៃមុននោះ សន្លឹកឆ្នោតនឹងត្រូវបានប្រមូលទៅតាមតំបន់នីមួយៗ ដោយក្រុមមន្ត្រីរៀបចំការបោះឆ្នោតនឹងទៅដល់ផ្ទះប្រជាពលរដ្ឋដើម្បីទទួលសន្លឹកឆ្នោត។ មន្ត្រីស្និទ្ធនឹងរុស្ស៊ី និយាយថា វិធីសាស្ត្រនេះគឺដើម្បីការពារសន្តិសុខ។
ការរៀបចំបោះឆ្នោតប្រជាមតិខាងលើនេះ ត្រូវបានគាំទ្រដោយ រដ្ឋាភិបាលរុស្ស៊ី។ សន្លឹកឆ្នោតនៅ Donetsk និង Lugansk ត្រូវបានបោះពុម្ភជាភាសារុស្ស៊ី ដោយសារថា ក្រុមមន្ត្រីរបស់កងកម្លាំងផ្ដាច់ខ្លួន តាំងពីឆ្នាំ ២០២០ បានកំណត់យកភាសារុស្ស៊ី ជាភាសាផ្លូវការ។ ចំណែកខេត្ត Kherson និង Zaporizhzhia នឹងបោះពុម្ភសន្លឹកឆ្នោតជាភាសារុស្ស៊ី-អ៊ុយក្រែន។
ក្រោយពីមានការប្រកាសអំពីការបោះឆ្នោតប្រជាមតិនៅ Donetsk, Lugansk, Kherson និង Zaporizhzhia រដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃទី ២០ កញ្ញា បានចោទថា នេះគឺជាការធ្វើប្រជាមតិបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
ទីក្រុងកៀវសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះនឹងមិនផ្លាស់ប្ដូរអាធិបតេយ្យ និងបូរណភាពទឹកដី ហើយថា កងទ័ពអ៊ុយក្រែន «មានសិទ្ធិរំដោះតំបន់ទាំងនោះ និងបន្តធ្វើដូច្នេះ»។ អ៊ុយក្រែន ក៏យល់ថា ការបោះឆ្នោតប្រជាមតិនេះនឹងបំផ្លាញឱកាសក្នុងការចរចាសន្តិភាពជាមួយ រុស្ស៊ី។
ចំណែកបណ្ដាប្រទេសលោកខាងលិច ក្នុងនោះ លេចធ្លោជាងគេគឺ សហរដ្ឋអាម៉េរិក និង ណាតូ ជាដើម ក៏បានរិះគន់ចំពោះផែនការលេបយកទឹកដីអ្នកជិតរបស់ រុស្ស៊ី នេះផងដែរ៕