សហរដ្ឋអាម៉េរិក រួមនឹងបណ្ដាប្រទេសលោកខាងលិច ជំទាស់ទៅនឹងផែនការច្របាច់ទឹកដី ៤ តំបន់របស់ អ៊ុយក្រែន ទៅក្នុងទឹកដីរបស់ រុស្ស៊ី តាមរយៈការធ្វើប្រជាមតិ និងប្រកាសថា លោកខាងលិចមិនទទួលស្គាល់លទ្ធផលជាដាច់ខាត។
«ការធ្វើប្រជាមតិក្លែក្លាយគឺជាភាពអាម៉ាស់ចំពោះគោលការណ៍អធិបតេយ្យ និងបូរណភាពទឹកដី ដែលជាគ្រឹះរបស់ប្រព័ន្ធអន្តរជាតិ» ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan កាលពីថ្ងៃទី ២០ កញ្ញា បានថ្លែងដូច្នេះ។
ការថ្លែងរបស់ មន្ត្រីអាម៉េរិក នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីនៅតំបន់ Donetsk, Lugansk ក្នុងភាគខាងកើតអ៊ុយក្រែន និង Kherson, Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន បានប្រកាសថានឹងធ្វើប្រជាមតិស្ដីពីការច្របាច់បញ្ចូលទាំងដីទាំងនេះទៅក្នុងប្រទេសរុស្ស៊ី នៅថ្ងៃទី ២៣ និង ២៧ កញ្ញាខាងមុខ។
លោក Sullivan បញ្ជាក់ថា «បើសិនជារឿងនេះកើតឡើង សហរដ្ឋអាម៉េរិក នឹងមិនទទួលស្គាល់សំណើរបស់ រុស្ស៊ី ចំពោះរាល់ទឹកដីដែលបានរឹបអូសពី អ៊ុយក្រែន»។
អគ្គលេខាធិការរបស់ ណាតូ (NATO) Jens Stoltenberg ក៏បានថ្កោលទោសចំពោះផែនការខាងលើ ហើយថា ឥរិយាបថនេះនឹងធ្វើឱ្យជម្លោះកាន់តែមានសភាពធ្ងន់ធ្ងរ។
នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz បានហៅប្រជាមតិរបស់តំបន់ទាំងនោះថា «ក្លាំងក្លាយ» និងថា ត្រូវតែមានការជំទាស់។
ចំណែក ប្រធានាធិបតីប៉ូឡូញ Andrzej Duda វិញ បានប្រកាសថា ប្រជាមតិនឹងក្លាយជារឿងគ្មានតម្លៃ។ លោកថា ប្រទេសប៉ូឡូញ នឹងមិនទទួលស្គាល់ជាដាច់ខាត។
មុននោះ ទីក្រុងកៀវ បាននិយាយថា ផែនការធ្វើប្រជាមតិរបស់ រុស្ស៊ី នឹងមិនធ្វើឱ្យមានការប្រែប្រួលអ្វីឡើយ។ «អ៊ុយក្រែន នៅតែចាត់ទុក រុស្ស៊ី ថាជាប្រទេសរំលោភបំពានបូរណភាពទឹកដីដោយខុសច្បាប់ ទន្ទឹមនឹងនេះ ទីក្រុងកៀវ មានសិទ្ធិរំដោះទឹកដី និងបន្តធ្វើកិច្ចការនេះ» រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បញ្ជាក់ដូច្នេះ។
រីឯភាគីរុស្ស៊ី វិញ ប្រធានសភាជាន់ទាប Vyacheslav Volodin បានប្រកាសគាំទ្រចំពោះតំបន់ទាំងឡាយដែលច្របាច់ខ្លួនបញ្ចូលទៅក្នុងទឹកដីរបស់ រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយថា នេះគឺជាបញ្ហាដែលអាស្រ័យទៅលើបំណងរបស់ប្រជាជននៅ អ៊ុយក្រែន៕