Skip to content

នារី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ត្រូវក្រុម​ជន​ដៃដល់​​រំលោភ​ និង​ដុត​ទាំង​រស់​

នារី​ពលរដ្ឋ​ឥណ្ឌា​ម្នាក់​អាយុ​ ១៦ ឆ្នាំ​ ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ក្រោយ​ពី​ត្រូវ​បុរស​ ២ នាក់​ចាប់​រំលោភ​ និង​ដុត​ទាំង​រស់​នៅ​ក្នុង​រដ្ឋ​ Uttar Pradesh។

នារី​វ័យ​ ១៦ ឆ្នាំ​ខាង​លើ​ស្ថិត​ក្នុង​វណ្ណៈ Dalit ដែល​ជា​ស្រទាប់​វណ្ណៈ​​​តូច​ទាប​បំផុត​ក្នុង​សង្គម​របស់​ ជនជាតិ​ហិណ្ឌូ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាលពី​ថ្ងៃទី​ ២០ កញ្ញា ដោយ​សារ​តែ​របួស​ធ្ងន់​ធ្ងរ​ បន្ទាប់​ពី​បាន​ព្យាបាល​ច្រើន​ថ្ងៃ​។ នារី​រង​គ្រោះ​ត្រូវ​បាន​បុរស​ ២ នាក់​ចាប់​រំលោភ​ផ្លូវ​ភេទ​ និង​ដុត​ទាំង​រស់​កាលពី​ដើម​ខែ​នេះ​។

«យើង​បាន​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​ក្នុង​រយៈ​ពេល ២ ម៉ោង​បន្ទាប់​ពី​ទទួលបាន​របាយការណ៍​ និង​ធានា​ថា​នឹង​មាន​វិធានការ​ច្បាប់​សមស្រប» មេប៉ូលិស Dinesh Kumar Prabhu ប្រាប់​ដូច្នេះ​ និង​បន្ថែម​ថា កម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ផ្ទះ​របស់​នារីរងគ្រោះ​ ដើម្បី​ធានា​ថា​មិន​មាន​បញ្ហា​ផ្សេង​ទៀត​កើត​ឡើង​។ គ្រួសារ​របស់​ជនរង​គ្រោះ​តែង​តែ​ត្រូវ​គេ​​គំរាម ឬ​វាយ​ប្រហារ​នៅ​ក្នុង​ករណី​ដូច​គ្នា​នេះ​នា​ពេល​កន្លង​។

នារី​វ័យ ១៦ ឆ្នាំ​ខាងលើ​បាន​បាត់បង់ជីវិត​មិន​ដល់​ ១ សប្ដាហ៍​បន្ទាប់​ពី​ករណី​នារី​ជា​បងប្អូន​ Dalit ២ នាក់ អាយុ​ ១៥ ឆ្នាំ និង ១៧ ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ចងក​ព្យួរ​លើ​ដើម​ឈើ​នៅ​ក្នុង​រដ្ឋ Uttar Pradesh។ បុរស​ ៦ នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​រំលោភ​ផ្លូវ​ភេទ និង​សម្លាប់​នារី​ទាំង​ពីរ​នាក់​នេះ​។

Uttar Pradesh ដែល​ជា​រដ្ឋ​ក្រីក្រ​របស់ ឥណ្ឌា មាន​ប្រជាជន​ ២៣០ លាន​នាក់ គឺជា​កន្លែង​ដែល​កើត​មាន​ករណី​រំលោភ​សម្លាប់​ជា​ញឹកញាប់។

ក្នុង​ឆ្នាំ​ ២០២១ នៅ​ ប្រទេស​ឥណ្ឌា មាន​ករណី​រំលោភ​​ចំនួន ៣២,០០០ លើក​​ត្រូវ​បាន​រាយការណ៍​ នេះ​បើ​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ តួលេខ​​ពិត​ប្រាកដ​អាច​ខ្ពស់​ជាង​នេះ​ឆ្ងាយ ព្រោះ​មានករណី​ខ្លះ​ ក្រុមគ្រួសារ​ជន​រង​គ្រោះ​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​៕

Leave a Reply

Your email address will not be published. Required fields are marked *