បុរសម្នាក់បានគប់គ្រាប់បែកសាំងចូលទៅក្នុងស្ថានទូតរុស្ស៊ី នៅ រដ្ឋធានីអូតាវ៉ា ប៉ុន្តែមិនបានបណ្ដាលឱ្យមានការខូចខាតដល់អាយុជីវិតមនុស្ស ឬទ្រព្យសម្បត្តិ។
«ម៉ោងប្រហែល ០ និង ១៦ នាទី ថ្ងៃទី ១២ កញ្ញា មនុស្សម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ បានគប់គ្រាប់បែកសាំងពីខាងក្រៅរបង ចូលទៅក្នុងបរិវេណស្ថានទូត។ បុរសនេះរត់ពីសួនដែលនៅក្បែរស្ថានទូត គប់គ្រាប់បែកសាំង ហើយក៏បាត់ស្រមោល» អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ ប្រទេសកាណាដា Oleg Stepanov ប្រកាសកាលពីថ្ងៃទី ១៩ កញ្ញា។
«ដបកែវបានបែក ប៉ុន្តែធាតុផ្សំមិនឆាបឆេះ…។ ពុំមានបុគ្គលិកណាម្នាក់របស់ស្ថានទូតត្រូវរងរបួស ទ្រព្យសម្បត្តិរបស់ស្ថានទូតក៏មិនបានរងការខូចខាត» លោក Stepanov បញ្ជាក់ និងបង្ហើបឱ្យដឹងថា ស្ថានទូតរុស្ស៊ី នៅ អូតាវ៉ា បានផ្ញើកំណត់ការទូតទៅកាន់ ក្រសួងការបរទេសកាណដា រួចហើយ។
ប៉ូលិសសេះកាណាដា បានប្រកាសថា បានបើកការស្រាវជ្រាវលើករណីខាងលើ ដើម្បីប្រមូលព័ត៌មានបន្ថែម ខណៈដែលប៉ូលិសនៅ អូតាវ៉ា មុននោះនិយាយថា មិនបានដឹងអំពីករណីគប់គ្រាប់បែកសាំងនេះ។
ស្ថានទូតរុស្ស៊ី នៅ កាណាដា បានហៅករណីគប់គ្រាប់បែកសាំងនេះថាជា «អំពើភារវកម្ម»។ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី ១៩ កញ្ញា ក៏បានកោះហៅ ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសនេះ ដើម្បីធ្វើការតវ៉ាចំពោះករណី «ប៉ូលិសនៅ អូតាវ៉ា ធ្វើព្រងើយនៅចំពោះមុខក្រុមបាតុករដែលមានកំហឹង» រារាំងមនុស្សមិនឱ្យមកស្ថានទូតរុស្ស៊ី។
ចំណែក ប៉ូលិសកាណាដា វិញ បានអះអាងថា សមត្ថកិច្ចប្រទេសនេះ តែងតែយកចិត្តទុកដាក់ការពារស្ថានទូតរុស្ស៊ី ឱ្យបានសមស្រប៕