Skip to content

ក្រឡាប់​រថយន្តក្រុង បណ្ដាលឱ្យ​មនុស្ស​ជាង ៥០ នាក់​ត្រូវស្លាប់ និង​រងរបួស នៅ អាហ្វ្រិក​កណ្ដាល

មេដឹកនាំ​ខណ្ឌ Boali នៃ​ខេត្ត Ombella-M’poko របស់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បានឱ្យដឹងថា សាកសព​ជនរងគ្រោះ​មួយចំនួន​ស្ថិតនៅក្នុង​រថយន្ត ហើយ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង ព្រោះ​មាន​អ្នករងរបួស​ធ្ងន់ធ្ងរ​ច្រើន។

អាជ្ញាធរ​ក្នុង​តំបន់​ខាងលើ​បាន​ប្រាប់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មួយ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី ១១ កញ្ញា (ពេលវេលា​ក្នុងស្រុក) បាន​បណ្ដាលឱ្យ​មនុស្ស​ចំនួន ១២ នាក់​បាត់​បង់ជីវិត និង​ជាង ៤០ នាក់​រងរបួស។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់ Kassango ក្នុង​ខណ្ឌ Boali នៃ​ខេត្ត Ombella-M’poko របស់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

រថយន្តក្រុង​ដែល​ដឹក​មនុស្ស ៦៧ នាក់ ចេញដំណើរ​ពី​ទីក្រុង Beloko ដោយ​ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ ១ បាន​ជួប​គ្រោះថ្នាក់​នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ជិត ១០០ គីឡូម៉ែត្រ ពី រដ្ឋធានី​បង់​ហ្គី។

លោក Robert Yamo ដែលជា​មេដឹកនាំ​ខណ្ឌ Boali បានឱ្យដឹងថា រថយន្ត​ដឹក​លើស​ចំណុះ និង​រត់​លើស​ល្បឿន​កំណត់​គឺជា​មូល​ហេតុដែល​នាំឱ្យមាន​ហេតុការណ៍​គ្រោះថ្នាក់​នេះ។ លោក Yamo បន្ថែមថា ដោយសារតែ​អ្នករងរបួស​ធ្ងន់ធ្ងរ​មាន​ចំនួន​ច្រើន ដូច្នេះ​តួលេខ​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្តទៀត

កាលពី​ខែមិថុនា ២០២២ នៅត្រង់ចំណុច​គ្រោះថ្នាក់​ខាងលើ​ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង និង​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៩ នាក់​ត្រូវស្លាប់ និង​ជាង ១០ នាក់​រងរបួស៕

 

Leave a Reply

Your email address will not be published. Required fields are marked *