កាលពីថ្ងៃទី ៣១ សីហា មនុស្សរាប់ពាន់នាក់បានចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យគប់ផ្លែប៉េងប៉ោះ Tomatina ដ៏ចម្លែកនៅឯទីរួមស្រុក Bunol របស់ ប្រទេសអេស្ប៉ាញ ក្រោយពីបានផ្អាកអស់រយៈពេល ២ ឆ្នាំ ដោយសារតែវិបត្តិកូវីដ-១៩។
យោងតាម AFP រថយន្តដឹកទំនិញមួយក្រុងដែលដឹកផ្លែប៉េងប៉ោះទុំចំនួន ១៣០ តោន បានបរចូលកាន់ទីប្រជុំជននានាក្នុងទីរួមស្រុកមួយនៅភាគខាងកើតនៃ ប្រទេសអេស្ប៉ាញ ដើម្បីចូលរួមព្រឹត្តិការណ៍គប់ផ្លែប៉េងប៉ោះ។
ប៉ុន្មាននាទីក្រោយពីសំឡេងផ្ទុះរបស់កាំជ្រួចអបអរ គេឃើញថា នៅលើដងផ្លូវនានា នៅក្នុងទីប្រជុំជននានា ពោរពេញដោយពណ៌ក្រហម។ អ្នកខ្លះពាក់វ៉ែនតាដើម្បីការពារភ្នែក គប់ប៉េងប៉ោះតម្រង់អ្នកដទៃ ខណៈដែលអ្នកខ្លះរើសយកផ្លែប៉េងប៉ោះនៅលើដី គប់ទៅលើមនុស្សម្នានៅក្បែរនោះ។
ព្រឹត្តិការណ៍ដែលត្រូវបានគេប្រៀបប្រដូចទៅនឹង «សង្គ្រាមអាហារធំជាងគេក្នុងពិភពលោក» មួយនេះ បានក្លាយជាទីទាក់ទាញទេសចរក្នុង និងក្រៅប្រទេស ពិសេសគឺពលរដ្ឋមកពី អូស្ត្រាលី អង់គ្លេស ជប៉ុន និង សហរដ្ឋអាម៉េរិក ជាដើម។
ក៏ប៉ុន្តែ ឆ្នាំនេះ មានមនុស្សប្រមាណតែ ១៥,០០០ នាក់ប៉ុណ្ណោះដែលបានមកចូលរួមព្រឹត្តិការណ៍នេះ នៅក្នុងចំណោមសំបុត្រ ២០,០០០ សន្លឹកដែលត្រូវបានលក់ចេញ ដោយសារតែប្រទេសជាច្រើននៅ អាស៊ី មិនទាន់ដកវិធានការទប់ស្កាត់កូវីដ-១៩ ទាំងស្រុង៕