សហភាព​អឺរ៉ុប ផ្ដល់​ថ្នាំ​បង្ការ​វិទ្យុសកម្ម​នុយ​ក្លេ​អែរ​ជាង ៥ លាន​គ្រាប់ ឱ្យ អ៊ុយ​ក្រែ​ន

រោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអែរ Zaporizhzhia

សហភាព​អឺរ៉ុប (EU) នឹង​ផ្ដល់​ថ្នាំ​គ្រាប់ potassium iodide ចំនួន ៥.៥ លាន​គ្រាប់ ទៅឱ្យ អ៊ុយ​ក្រែ​ន នៅពេល​មានការ​ប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​រោងចក្រ​អគ្គិសនី Zaporizhzhia ដែល​បង្កប់​នូវ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នុយ​ក្លេ​អែរ។

គណកម្មការ​អឺរ៉ុប បានឱ្យដឹងថា បានទទួល​សំណើ​ស្ដីពី​ថ្នាំ potassium iodide ពី រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន រួចហើយ។ ថ្នាំ​ Potassium iodide គឺជា​ថ្នាំ​ដែល​អាចជួយ​ឱ្យ​ប្រជាជន​ទប់ទល់​នឹង​ហានិភ័យ​រង​ឥទ្ធិពល​ពី​វិទ្យុសកម្ម​ក្នុងករណី​កើតមាន​គ្រោះមហន្តរាយ​នុយ​ក្លេ​អែរ​នៅ​រោងចក្រ​ខាងលើ។

នៅពេល​កើតមាន​គ្រោះមហន្តរាយ​នុយ​ក្លេ​អែរ សារធាតុ​វិទ្យុសកម្ម iodine អាច​សាយភាយ​ទៅក្នុង​ខ្យល់ ហើយ​អាច​ត្រូវបាន​ស្រូប​ចូលក្នុង​រាងកាយ​មនុស្ស​តាមរយៈ ក្រ​ពេញទី​រ៉ូ​អ៊ី​ត នៅពេល​ដកដង្ហើម ឬ​តាមរយៈ​អាហារ។ ថ្នាំ potassium iodide នឹង​ទប់ស្កាត់​ការ​ស្រូប​សារធាតុ iodine របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក​នៅលើ​ក្រពេញ​នេះ។

EU បញ្ជាក់ថា ការផ្ដល់​ថ្នាំ potassium iodide ចំនួន ៥.៥ លាន​គ្រាប់​នេះ​ត្រូវបាន​ចាត់ទុកថា​ជា «វិធានការ​ទប់ស្កាត់» ដើម្បី​បង្កើន​ខែល​ការពារ​សម្រាប់​ប្រជាជន​នៅ​ជុំវិញ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ Zaporizhzhia ដែល​ស្ថិតក្នុង​តំបន់​គ្រប់គ្រង​ដោយ រុស្ស៊ី នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន៕

Advertisement