អគ្គមេបញ្ជាការនៃ កងទ័ពអ៊ុយក្រែន ថ្លែងថា ទាហានជិត ៩,០០០ នាក់របស់ប្រទេសនេះ បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមជាមួយ រុស្ស៊ី ប៉ុន្តែ មិនបាននិយាយលម្អិត។
«កុមារទាំងឡាយមិនទាន់យល់នូវអ្វីដែលកំពុងកើតឡើង និងត្រូវការការការពារ ព្រោះថា ឪពុករបស់ពួកគេបានចេញទៅសមរភូមិមុខ និងអាចស្ថិតក្នុងចំណោមវិរបុរសជិត ៩,០០០ នាក់ដែលបានពលីជីវិត» អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Valeriy Zaluzhnyy ថ្លែងនៅក្នុងព្រឹត្តិការណ៍គោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន និងគោរពដល់គ្រួសាររបស់ពួកគេនៅ រដ្ឋធានីកៀវ កាលពីថ្ងៃទី ២២ សីហា។
មន្ត្រីខាងលើមិនបានឱ្យដឹងច្បាស់ថា តួលេខនៃទាហានពលីជីវិតខាងលើ គឺជាចំនួនសរុប ឬគ្រាន់តែសំដៅលើទាហានជួរមុខ ឬយ៉ាងណានោះទេ។ ក្នុងព្រឹត្តិការណ៍ដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី ក៏បានប្រកាសថា បច្ចុប្បន្ន នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នរដ្ឋាភិបាលនៃប្រទេសនេះ មានកម្លាំងប្រមាណ ១ លាននាក់កំពុងចូលរួមការពារទឹកដី។
ក្រសួងការពារជាតិរុស្ស៊ី មិនទាន់មានការអធិប្បាយអ្វីទៅនឹងព័ត៌មានខាងលើនៅឡើយ។ កងទ័ពរុស្ស៊ី តែងតែប្រកាសអំពីតួលេខអ្នកស្លាប់របស់សត្រូវ បន្ទាប់ពីបានបើកការវាយប្រហារម្ដងៗ ប៉ុន្តែមិនទាន់បានបញ្ចេញតួលេខសរុបស្ដីពី ទាហានអ៊ុយក្រែន ដែលបានបាត់បង់ជីវិត និងរងរបួសក្នុងអំឡុង ៦ ខែនៃសង្គ្រាមនេះ។