អាកាសធាតុក្ដៅខ្លាំងនៅ Chongqing និងតំបន់ក្បែរខាង បានបណ្ដាលឱ្យមានហេតុការណ៍ភ្លើងឆេះព្រៃជាបន្តបន្ទាប់ បង្ខំឱ្យមនុស្សជាង ១,០០០ នាក់ ត្រូវភៀសខ្លួនទៅរកកន្លែងសុវត្ថិភាព។
ខណ្ឌចំនួន ៤ នៅក្នុងទីក្រុង Chongqing របស់ ប្រទេសចិន កើតមានហេតុការណ៍ភ្លើងឆេះព្រៃចាប់តាំងពីថ្ងៃទី ១៨ សីហាដល់បច្ចុប្បន្ន បណ្ដាលឱ្យមនុស្សប្រមាណ ១,៥០០ នាក់ មកពី ៥៤០ គ្រួសារ ត្រូវភៀសខ្លួន។ ករណីឆេះព្រៃថ្មីបំផុតបានកើតឡើងនៅក្នុងខណ្ឌ Banan កាលពីថ្ងៃទី ២១ សីហា ខណៈដែលភ្លើងឆេះព្រៃមួយផ្សេងទៀតនៅក្នុងខណ្ឌ Jiangjin ទើបតែត្រូវបានពន្លត់រួចរាល់ក្រោយពីឆេះបាន ៤ ថ្ងៃ។
បុគ្គលិកបង្ការ ពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះជាង ៥,០០០ នាក់ រួមនឹងឧទ្ធម្ភាគចក្រ ៧ គ្រឿង បានចូលរួមបេសកកម្មពន្លត់ភ្លើងព្រៃនេះ។
អាជ្ញាធរក្រុង Chongqing កាលពីម្សិលមិញ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានហេតុការណ៍ភ្លើងឆេះព្រៃនេះគឺ ដោយសារអាកាសធាតុហួតហែង និងសីតុណ្ហភាពក្ដៅខ្លាំងអូសបន្លាយពេលយូរ៕