Skip to content

អាល្លឺម៉ង់ បញ្ជូន​ក្រុម​យន្តហោះ​ចម្បាំង​មក អាស៊ី ជា​លើកដំបូង

ប្រទេស​អាល្លឺម៉ង់ បញ្ជូន​ក្រុម​យន្តហោះ​ចម្បាំង យន្តហោះ​ដឹកជញ្ជូន និង​យន្តហោះ​ផ្គត់ផ្គង់​ឥន្ធនៈ​មក​ធ្វើ​សមយុទ្ធ​យោធា​នៅ ទ្វីបអាស៊ី ជា​លើកដំបូង ដែល​នេះ​គឺជា​ការបង្ហាញ​អំពី​សមត្ថភាព​ប្រយុទ្ធ​នៅក្នុង​តំបន់។

«កងទ័ពអាកាស​អាល្លឺម៉ង់ ជា​លើកដំបូង បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​យន្តហោះ​គាំទ្រ មកកាន់​តំបន់ ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក។ ក្រុម​យន្តហោះ​នេះ​បាន​ឆ្លងកាត់​ផ្លូវ​ចម្ងាយ ១០,០០០ គីឡូម៉ែត្រ ក្នុង​រយៈពេល ២៤ ម៉ោង» កងទ័ពអាកាស​របស់ ប្រទេស​អាល្លឺម៉ង់ ប្រកាស​កាលពី​ថ្ងៃទី ១៧ សីហា។

នេះ​ក៏​ជាការ​បញ្ចេញ​ក្រុម​យន្តហោះ​​ចម្បាំង​ទ្រង់​ទ្រាយ​ធំ​បំផុត​របស់ ទ័ពអាកាស​អាល្លឺម៉ង់ នៅក្នុង​សម័យ​សន្តិភាព។ សកម្មភាព​នេះ​ត្រូវបាន​គេ​យល់ថា គឺជា​ការបង្ហាញ​សមត្ថភាព​ប្រយុទ្ធ និង​គាំទ្រ​ដល់​សម្ព័ន្ធមិត្ត​របស់ អាល្លឺម៉ង់ នៅក្នុង​តំបន់។

ក្រុម​យន្តហោះ​យោធា​របស់ អាល្លឺម៉ង់ ខាងលើ ដែល​រួមមាន យន្តហោះ​ចម្បាំង Eurofighter Typhoon ចំនួន ៦ គ្រឿង, យន្តហោះ​ដឹកជញ្ជូន A400M ៤ គ្រឿង និង​យន្តហោះ​ផ្គត់ផ្គង់​ប្រេង​ពហុមុខ​ងារ A330 ចំនួន ៣ គ្រឿង បានមក​ដល់ សិង្ហ​បុរី កាលពី​ថ្ងៃទី ១៦ សីហា ត្រៀមខ្លួន​ដើម្បី​ទៅ​ចូលរួម​ធ្វើ​សមយុទ្ធ Pitch Black នៅ អូស្ត្រាលី ចាប់ពី​ថ្ងៃទី ១៩ សីហា ដល់ ៩ កញ្ញា។

ក្នុង​សមយុទ្ធ​ខាងលើ ក្រុម​ហោះហើរ​របស់ អាល្លឺម៉ង់ ក៏មាន​គម្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយនឹង សិង្ហ​បុរី និង​ធ្វើ​ទស្សនកិច្ច​នៅ កូរ៉េខាងត្បូង និង ជប៉ុន ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *