កងទ័ពជើងទឹកអាម៉េរិក កូរ៉េខាងត្បូង និងកងទ័ពរបស់ ជប៉ុន រួមគ្នាធ្វើសមយុទ្ធការពារមីស៊ីលនៅលើ មហាសមុទ្រប៉ាស៊ីហ្វ៊ិក ដើម្បីទប់ទល់នឹង «ឧបសគ្គពី កូរ៉េខាងជើង»។
«កងទ័ពជើងទឹកអាម៉េរិក កងកម្លាំងការពារសមុទ្ររបស់ ជប៉ុន និងកងទ័ពជើងទឹករបស់ កូរ៉េខាងត្បូង ថ្ងៃទី ០៨ ដល់ ១៤ (ខែសីហា) ចូលរួមធ្វើលំហាត់សមយុទ្ធព្រមាន ស្វែងរក និងតាមដានមីស៊ីលប្លោង នៅក្នុងក្របខណ្ឌនៃសមយុទ្ធពហុជាតិ Pacific Dragon នៅលើសមុទ្រក្បែរឆ្នេរហ្វឹកហ្វឺនមីស៊ីលប៉ាស៊ីហ្វ៊ិក (PMRF) នៅ Hawaii» មន្ទីរបញ្ចកោណ ប្រកាសកាលពីថ្ងៃទី ១៥ សីហា។
មន្ទីរបញ្ចកោណ ឱ្យដឹងថា សមយុទ្ធត្រូវបានធ្វើឡើងក្នុងបំណងបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ សហរដ្ឋអាម៉េរិក, ជប៉ុន និង កូរ៉េខាងត្បូង ក្នុងការសហការត្រីភាគីដើម្បី «ទប់ទល់នឹងឧបសគ្គពី កូរ៉េខាងជើង ការការពារសន្តិសុខរួម និងការស្ដារសណ្ដាប់ធ្នាប់អន្តរជាតិដោយយោងទៅលើច្បាប់ទម្លាប់»។
កម្មវិធីហ្វឹកហ្វឺន Pacific Dragon ត្រូវបានធ្វើឡើង ២ ឆ្នាំម្ដង ដើម្បីកែលម្អសមត្ថភាពសហការផ្នែកបច្ចេកទេស យុទ្ធសាស្ត្រ ក៏ដូចជាកម្លាំងអន្តរកម្មទាក់ទងនឹងការបង្ការមីស៊ីល និងការការពារដែនអាកាសក្នុងតំបន់។ នាវាចម្បាំងចំនួន ៧ គ្រឿង មកពីប្រទេសចំនួន ៥ រួមមាន សហរដ្ឋអាម៉េរិក, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និង កាណាដា ចូលរួមសមយុទ្ធ Pacific Dragon នៅក្នុងឆ្នាំនេះ៕