Skip to content

ប្រតិភូ​តំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក ធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់

ប្រតិភូ​មួយក្រុម​នៃ សភា​អាម៉េរិក កាលពី​ម្សិលមិញ​បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ នៅ កោះ​តៃវ៉ាន់ និង​មាន​គម្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​កោះ​នេះ។

យោងតាម​ការិយាល័យ​តំណាង​អាម៉េរិក នៅ កោះ​តៃវ៉ាន់ (AIT) ប្រតិភូ​អាម៉េរិក មួយក្រុម​នេះ​រួមមាន​តំណាងរាស្ត្រ ៥ រូប ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Ed Markey មកពី​បក្ស​ប្រជាធិបតេយ្យ។ ពួកគេ​នឹង​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន មានដូចជា សន្តិសុខ​ក្នុង​តំបន់ ពាណិជ្ជកម្ម វិនិយោគ បណ្ដាញ​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក និង​បញ្ហា​អាកាសធាតុ​ជាដើម។ លោក Markey គឺជា​ប្រធាន​អនុគណៈកម្មការ​កិច្ចការបរទេស​អាស៊ី​ខាងកើត អាស៊ី​ប៉ា​ស៊ី​ហ្វ៊ិ​ក និង​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត​អន្តរជាតិ​របស់ សភា​ជាន់ខ្ពស់​អាម៉េរិក។

AIT បាន​អធិប្បាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​បេសកកម្ម​មកកាន់​តំបន់​ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក របស់ ប្រតិភូ​តំណាងរាស្ត្រ​អាម៉េរិក។

ប្រកាស​របស់ AIT មាន​ឃ្លា​សរសេរថា «ពិសេស​នៅក្នុង​គ្រា​ដែល ចិន កំពុង​បង្កើន​ភាព​តានតឹង​នៅ ច្រក​សមុទ្រ​តៃវ៉ាន់ និង​តំបន់ ដោយ​ការធ្វើ​សមយុទ្ធ​យោធា ការដែល​តំណាងរាស្ត្រ Markey ដឹកនាំ​ប្រតិភូ​មក​ធ្វើ ទស្សនកិច្ច​នៅ តៃវ៉ាន់ ជាថ្មី​ម្ដងទៀត បានបង្ហាញ​នូវ​ការគាំទ្រ​របស់ សហរដ្ឋ​អាម៉េរិក» ចំពោះ​កោះ​នេះ។

ការិយាល័យ​របស់លោក​ស្រី ត្សៃ អ៊ីង​វិ​ន (ឆាយ អ៊ីង​វិ​ន) ឱ្យដឹងថា ប្រតិភូ​ខាងលើ​នឹង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កោះ​នេះ​នៅ​ថ្ងៃទី ១៥ សីហា។

ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​បន្ទាប់ពី ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi បានធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ ចាប់ពី​ថ្ងៃទី ០២ ដល់ ០៣ សីហា ដែល​បាន​បណ្ដាលឱ្យ ទីក្រុង​ប៉េកាំង ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ក្នុង​នោះ​មាន​ទាំង​​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ កោះ​តៃវ៉ាន់ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *