Skip to content

ទីក្រុង​ក្លាយទៅជា​ទន្លេ នៅ រដ្ឋធានី​របស់ កូរ៉េខាងត្បូង ក្រោយពី​ភ្លៀង​ធំ

រដ្ឋធានី​សេ​អ៊ូ​ល របស់ កូរ៉េខាងត្បូង ទើបតែ​បាន​ឆ្លងកាត់​គ្រោះ​ជំនន់​ទឹកភ្លៀង​ធំ​បំផុត​ក្នុងអំឡុង ៨០ ឆ្នាំ​មកនេះ ធ្វើឱ្យ​ផ្លូវ​ជាច្រើន​នៅក្នុង​ទីក្រុង ក្លាយទៅជា​ទន្លេ បណ្ដាលឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស​ជាច្រើន​នាក់។

ភ្លៀង​ធំ​ដែល​បាន​ធ្លាក់​នៅក្នុង និង​ជុំវិញ​តំបន់ សេ​អ៊ូ​ល ចាប់ពី​ថ្ងៃទី ០៨ សីហា បាន​ពន្លិច​ផ្លូវថ្នល់​ជាច្រើន​ខ្សែ និង​រថយន្ត​ជាច្រើន​គ្រឿង បង្ក​ឱ្យ​កើតមាន​គ្រោះ​ជំនន់​ទឹកភ្លៀង​ដល់​តំបន់​ដែលមាន​ភូមិសាស្ត្រ​ទាប និង​បង្ខំ​ឱ្យ​ប្រជាជន​រាប់រយ​នាក់​ត្រូវ​ជម្លៀស​ខ្លួន។

យោងតាម​អាជ្ញាធរ​កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃទី ០៨ ដល់ ១០ សីហា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លា​ក់នៅ សេ​អ៊ូ​ល គឺ ៥២៥ ម​ម។ ចំណែក​តំបន់ Yangpyeong ដែលមាន​ចម្ងាយ​ពី សេ​អ៊ូ​ល ប្រហែល ៤៥ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត បរិមាណ​ទឹកភ្លៀង​សរុប​ក្នុងពេល​ដំណាលគ្នា​នឹង ទីក្រុង​សេ​អ៊ូ​ល គឺ ៥២៦.២ ម​ម។

ក្រុមមន្ត្រី​របស់ កូរ៉េខាងត្បូង កាលពី​ម្សិលមិញ បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន ៩ នាក់​បាន​ស្លាប់, ៧ នាក់​បាត់​ខ្លួន, ១៧ នាក់​រងរបួស និង​ផ្ទះ អគារ​ជាង ២,៦០០ ខ្នង ត្រូវ​លិច​ក្នុង​ទឹកជំនន់ ក្រោយពី​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅក្នុង​សប្ដាហ៍​នេះ។

នៅ​តំបន់​ខាងលើ មាន​ប្រជាជន​ប្រហែល ៥៧០ នាក់ មកពី ៣៩៨ គ្រួសារ ត្រូវ​ជម្លៀស​ខ្លួន ទៅកាន់​ទី​សុវត្ថិភាព។ នៅ​ទូទាំងប្រទេស អាជ្ញាធរ​បាន​ជម្លៀស​ខ្លួន​បណ្ដោះអាសន្ន​ចំពោះ​មនុស្ស​ប្រហែល ១,២០០ នាក់ មកពី ៧២៤ គ្រួសារ ដើម្បី​គេច​ពី​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *