Skip to content

មេដឹកនាំ​ជាន់ខ្ពស់​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ធ្វើអត្តឃាត នៅពេល​ត្រូវបាន​ឡោមព័ទ្ធ

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ SANA កាលពី​ម្សិលមិញ បានឱ្យដឹងថា Abu Salem Al-Iraqi ដែលជា​មេដឹកនាំ​ជាន់ខ្ពស់​មួយរូប​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) បានធ្វើ​អត្តឃាត​នៅក្នុង​យុទ្ធនាការ​សន្តិសុខ​ដែល អាជ្ញាធរ​ស៊ី​រី បាន​អនុវត្ត​មុន​នោះ​មួយថ្ងៃ នៅក្នុង​ខេត្ត Daraa ភាគខាងត្បូង​ប្រទេស​នេះ។

SANA បាន​ចុះផ្សាយ​ថា Al-Iraqi ត្រូវបាន​ឡោមព័ទ្ធ និង​រងរបួស​ក្នុង​ផ្ទះមួយ​ខ្នង​នៅឯ​ទីរួមស្រុក Adwan ភាគ​ខាងលិច​របស់​ខេត្ត Daraa នៅពេល​កងកម្លាំង​សន្តិសុខ​របស់ ស៊ី​រី បាន​បើក​យុទ្ធនាការ​ពិសេស។ ក្រោយមក Al-Iraqi ក៏បាន​ធ្វើអត្តឃាត​ដោយ​ការ​បំផ្ទុះ​គ្រាប់​ផ្ទុះ​ដែល​ចង​ជុំវិញខ្លួន។

យោងតាម​ប្រភពព័ត៌មាន​ខាងលើ Al-Iraqi គឺជា​មេដឹកនាំ​យោធា​របស់​អង្គការ​អ៊ីស្លាម​ជ្រុលនិយម IS (អង្គការ​រដ្ឋ​អ៊ីស្លាម) នៅ​ភាគខាងត្បូង​នៃ ប្រទេស​ស៊ី​រី។ ជន​ដែលមាន​សញ្ជាតិ​អ៊ីរ៉ាក់ នេះ បានគេច​ខ្លួន​ទៅកាន់ Daraa បន្ទាប់ពី IS ត្រូវបាន​វាយបំបាក់​នៅ​តំបន់​ជំរំ Yarmouk ភាគខាងត្បូង​នៃ រដ្ឋធានី​ដា​ម៉ាស (Damascus)។

អង្គការ​តាមដាន​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) បាន​បញ្ជាក់ថា Al-Iraqi ត្រូវបាន​កម្ចាត់​កាលពី​ថ្ងៃទី ០៩ សីហា។ យោងតាម SORH ជននេះ​បាន​លាក់ខ្លួន​ក្នុង​តំបន់​ខាងលើ​តាំងពី​ឆ្នាំ ២០១៨ និង​បាន​ចូលរួម​ក្នុងករណី​ធ្វើឃាត ក៏ដូចជា​ករណី​វាយប្រហារធំៗនានា​ដែល​បង្ក​ភាពវឹកវរ​ខ្លាំង​នៅ​ភាគខាងត្បូង​នៃ ប្រទេស​ស៊ី​រី នាពេល​កន្លង៕

Leave a Reply

Your email address will not be published. Required fields are marked *