អគ្គិភ័យនៅឯឃ្លាំងផ្ទុកឥន្ធនៈមួយនៅក្នុងខេត្ត Matanzas របស់ ប្រទេសគុយបា កាលពីថ្ងៃទី ០៨ សីហា បានបន្តឆេះរាលដាលដល់អាងផ្ទុកទីបី និងបន្តគំរាមកំហែងដល់អាងផ្ទុកដទៃទៀតដែលនៅក្បែរនោះ។
យោងតាមព័ត៌មានពីក្រុមមន្ត្រីនៅក្នុងខេត្ត Matanzas អណ្ដាតភ្លើងពីអាងផ្ទុកទីពីរបានឆេះរាលដាលដល់អាងផ្ទុកទីបី និងកំពុងគំរាមកំហែងដល់អាងផ្ទុកទីបួន។
មុននោះ អគ្គិភ័យនៅឯអាងផ្ទុកឥន្ធនៈទីមួយដែលកើតឡើងដោយសាររន្ទះបាញ់កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លង ត្រូវបានពន្លត់រួចរាល់។ គិតមកដល់បច្ចុប្បន្ន មានមនុស្សម្នាក់បានស្លាប់, ១២៥ នាក់រងរបួង និង ១៤ នាក់បាត់ខ្លួន។
មនុស្សជាង ៥,០០០ នាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព ហើយប្រជាជនត្រូវបានណែនាំឱ្យពាក់ម៉ាស ឬនៅក្នុងផ្ទះដើម្បីចៀសវាងផ្សែងពុល។
Matanzas គឺជាកំពង់ផែធំបំផុតនៅ គុយបា ស្ដីពីការទទួលប្រេងឆៅ និងឥន្ធនៈដែលនាំចូលពីបរទេស។ ប្រេងឆៅធន់ធ្ងន់ ក៏ដូចជាប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត របស់ គុយបា ភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីផលិតអគ្គិសនីសម្រាប់តម្រូវការនៅក្នុងស្រុក៕