សហរដ្ឋអាម៉េរិក នឹងបន្តផ្ដល់ជំនួយជាថវិកា និងយោធា ៥.៥ ពាន់លានដុល្លារ ដល់ អ៊ុយក្រែន ដើម្បីទប់ទល់នឹងវិបត្តិនាបច្ចុប្បន្ន។
យោងតាម ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ខ្ទង់ថវិកា ៤.៥ ពាន់លានដុល្លារ នឹងត្រូវបានប្រើប្រាស់សម្រាប់តម្រូវការបន្ទាន់របស់ រដ្ឋាភិបាលអ៊ុយក្រែន រួមមាន ការទូទាត់ប្រាក់ខែចូលនិវត្តន៍ របបសន្តិសុខសង្គម និងការថែទាំសុខភាព។ ចំណែក ១ ពាន់លានដុល្លារទៀតគឺជាជំនួយយោធាសម្រាប់ អ៊ុយក្រែន។
ដូច្នេះ ជំនួយដែល សហរដ្ឋអាម៉េរិក បានផ្ដល់ឱ្យ អ៊ុយក្រែន គិតចាប់តាំងពី រុស្ស៊ី បើកការឈ្លានពាន បានកើនឡើងដល់ ៨.៥ ពាន់លានដុល្លារអាម៉េរិក។
ខ្ទង់ជំនួយនេះនឹងត្រូវបានប្រគល់ឱ្យ អ៊ុយក្រែន ទៅតាមដំណាក់កាល ក្នុងនោះ ដំណាក់កាលដំបូងគឺ ៣ ពាន់លានដុល្លារ នៅក្នុងខែនេះ។
ខ្ទង់ជំនួយថ្មីនេះស្ថិតក្នុងកញ្ចប់ជំនួយ ៤០ ពាន់លានដុល្លារ សម្រាប់ អ៊ុយក្រែន ដែល សភាអាម៉េរិក បានអនុម័តរួចហើយកាលពីខែឧសភាកន្លងទៅ៕