Skip to content

អាស៊ាន (ASEAN) ប្រារព្ធ​ព្រឹត្តិ​ការណ៍​អបអរសាទរទិវា ៥៥ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

ថ្ងៃនេះ (០៨ សីហា) នៅឯ​ទីស្នាក់ការ​កណ្ដាល​នៃ លេខាធិការដ្ឋាន​អាស៊ាន (ASEAN) នៅ រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ព្រឹត្តិការណ៍​អបអរសាទរ​ទិវា​អាស៊ាន ០៨/សីហា ១៩៦៧ – ០៨ សីហា ២០២២ ត្រូវ​បានរៀបចំ​ធ្វើឡើង​យ៉ាង​អធិកអធម។

ក្រោយ​រយៈពេល ២ ឆ្នាំ ដែល​ព្រឹត្តិការណ៍​អបអរសាទរ​ទិវា​អាស៊ាន ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោមរូបភាព​ប្រយោល តាម​ប្រព័ន្ធ​វីដេអូ ព្រោះតែ កូ​វីដ-១៩ ឆ្នាំនេះ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព​ធម្មតា​ឡើងវិញ។

ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចាប់ផ្ដើម​ដោយ​កម្មវិធី​តន្ត្រី វប្បធម៌ សម្ដែង​ដោយ​សិល្បករ សិល្បការិនី​ល្បីឈ្មោះ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងនោះ​ក៏មាន​ការសម្ដែង​របស់​វិចិត្រករ​គំនូរ​ខ្សាច់ ជនជាតិ​ឥណ្ឌូណេស៊ី Vina Candrawati ផងដែរ។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ អគ្គលេខាធិការ​អាស៊ាន Lim Jock Hoi សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​អបអរសាទរ​ដែល​ប្រារព្ធ​ឡើង​ដោយផ្ទាល់ ក្រោយ​រយៈពេល ២ ឆ្នាំ​ដោយសារ​ជំងឺ​រាតត្បាត​សកល បានបង្ហាញ​នូវ​ការប្រឹងប្រែង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងការ​យកឈ្នះ​លើ​ជំងឺ​រាតត្បាត ដើម្បី​នាំ​ជីវភាព​ត្រលប់មក​ធម្មតា​វិញ។

ក្នុង​រយៈពេល ៥៥ ឆ្នាំ​នៃ​ការរីកចម្រើន អាស៊ាន ត្រូវបាន​បង្ហាញថា​ជា​រូបមន្ត​សហប្រតិបត្តិការ​ក្នុង​តំបន់​មួយ​ដែល​ទទួលបាន​ជោគជ័យ​នៅលើ​ពិភពលោក កសាង​សហគមន៍​មួយ​ដែល​នាំមក​នូវ​ឱកាស​ដល់​ប្រជាជន​គ្រប់រូប។ អាស៊ាន កំពុង​ក្លាយជា​ខឿនសេដ្ឋកិច្ច​សកម្ម ដោយ​មានការ​ព្យាករ​ថា​នឹងមាន​កំណើនសេដ្ឋកិច្ច​វិជ្ជមាន​ក្នុងឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់។ ប្រទេស​មហាអំណាច​ជាច្រើន​ដែល​នៅ​ខាងក្រៅ​តំបន់​នេះ កំពុងតែ​ផ្ដល់​តម្លៃ​សំខាន់​ដល់​តួនាទី​របស់ អាស៊ាន។

អគ្គលេខាធិការ Lim Jock Hoi ក៏បាន​អះអាង​អំពី​វិស័យ​អាទិភាព​សម្រាប់​ពេលខាងមុខ​របស់ អាស៊ាន៖ «បណ្ដា​ប្រទេស​ជា​សមាជិក​របស់ អាស៊ាន ត្រូវការ​ជំរុញ​សមាហរណកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ធានា​នូវ​តួនាទី​ជា​ស្នូល និង​សាមគ្គីភាព​របស់ អាស៊ាន នៅក្នុង​រចនាសម្ព័ន្ធ​តំបន់ និង​សកលលោក ជំរុញ​ទំនាក់ទំនង​ជាមួយ​ដៃគូ រួមគ្នា​រីកចម្រើន។ អាស៊ាន ក៏ត្រូវ​ការជំរុញ​លើ​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​សេដ្ឋកិច្ច​ឌីជីថល ការកែលម្អ​សមត្ថភាព​ប្រកួតប្រជែង និង​ប្រភព​ទុន​ក្នុង​តំបន់ បើកឱកាស​ឱ្យមាន​ការចូលរួម​ពី​មនុស្ស​ជំនាន់​ថ្មី នៅក្នុង​ការកំណត់​គោលនយោបាយ ការកសាង​សហគមន៍​អាស៊ាន​បៃតង និង​ទូលំទូលាយ។

ជាមួយនឹង​ប្រធានបទ «រួមគ្នា​កាន់តែ​រឹងមាំ» របស់​ឆ្នាំនេះ អាស៊ាន ជាថ្មី​ម្ដងទៀត បាន​បញ្ជូន​សារ​យ៉ាង​ខ្លាំងក្លា​ស្ដីពី​ស្មារតី​សាមគ្គី បញ្ចេញ​កម្លាំង​ជា​ក្រុម ដើម្បី​ដោះស្រាយ​បញ្ហា​ដែលមាន​នាបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *