មជ្ឈិមបូព៌ា ដែលជាតំបន់នាំចេញប្រេងរ៉ែលំដាប់កំពូលរបស់ពិភពលោក កំពុងរកវិធីបង្កើនការផលិត និងនាំចេញឧស្ម័នធម្មជាតិ នៅពេលតម្រូវការចំពោះថាមពលប្រភេទនេះនឹងកើនឡើងនៅក្នុងប្រទេស ក៏ដូចជានៅទូទាំងសកលលោកនាប៉ុន្មានឆ្នាំខាងមុខ។
ទំព័រ oilprice.com បានចុះផ្សាយថា កាតា ដែលជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេមួយក្នុងពិភពលោក បាននាំមុខគេក្នុងវិស័យឧស្ម័ននៅ មជ្ឈិមបូព៌ា ក្នុងរយៈពេលច្រើនឆ្នាំមកហើយ គ្រាដែលបណ្ដាប្រទេសដទៃក្នុងតំបន់ដែលសម្បូរឧស្ម័នធម្មជាតិនេះ បែរជាមិនបានយកចិត្តទុកដាក់ក្នុងការវិនិយោគទៅលើវិស័យនេះ។ ក៏ប៉ុន្តែ ពេលនេះ ប្រទេសទាំងនោះសុទ្ធតែកំពុងចាប់ផ្ដើមប្ដូរផ្លាស់ឥរិយាបថដើម្បីចាប់យកឱកាស ក្នុងពេលតម្លៃឧស្ម័នធម្មជាតិកើនឡើងខ្ពស់។
ក្រុមអ្នកផលិតប្រេងធំៗក្នុងអង្គការ OPEC មានដូចជា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ជាដើម បាន និងកំពុងបង្កើនបរិមាណឧស្ម័នក្នុងប្រទេស។
ទីផ្សារឧស្ម័នទូទាំងពិភពលោក បានប្រែប្រួលខ្លាំងចាប់តាំងពី រុស្ស៊ី ចូលលុកលុយ អ៊ុយក្រែន។ តម្រូវការចំពោះ LNG ត្រូវបានគេព្យាករថា នឹងកើនឡើងខ្ពស់ខ្លាំងនៅ អឺរ៉ុប នៅពេលទ្វីបនេះ ស្វែងរកវិធីដើម្បីបញ្ចប់ការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់ រុស្ស៊ី។ នេះគឺជាកត្តាវិជ្ជមានសម្រាប់បណ្ដាប្រទេសផលិតប្រេងឥន្ធនៈនៅ មជ្ឈិមបូព៌ា សម្រាប់ការបង្កើនបរិមាណឧស្ម័ន LNG។
នៅ ប្រទេសកាតា កាលពីឆ្នាំមុន រដ្ឋាភិបាលបានប្រកាសគម្រោង LNG ធំជាងគេបង្អស់ក្នុងពិភពលោក នោះគឺគម្រោង North Field East (NFE) ដើម្បីបង្កើនការផលិត LNG របស់ប្រទេសនេះ ពី ៧៧ លានតោន ឱ្យឡើងដល់ ១១០ លានតោនជារៀងរាល់ឆ្នាំ។ គម្រោងនេះនឹងចាប់ផ្ដើមការផលិតនៅត្រីមាសទី ៤ ឆ្នាំ ២០២៥ ដោយត្រូវចំណាយប្រាក់វិនិយោគប្រមាណ ២៨.៧៥ ពាន់លានដុល្លារអាម៉េរិក។ ដំណាក់កាលទីពីរនៃការពង្រីកគម្រោងខាងលើ នោះគឺគម្រោង North Field South (NFS) ដែលគ្រោងនឹងបង្កើនការផលិតពី ១១០ លានតោន ដល់ឡើង ១២៦ លានតោនជារៀងរាល់ឆ្នាំ ដោយគ្រោងនឹងផ្ដើមការផលិតចាប់ពីឆ្នាំ ២០២៧។
ក្រៅពី ប្រទេសកាតា បណ្ដាប្រទេសក្នុងតំបន់ មជ្ឈិមបូព៌ា ដទៃទៀតក៏កំពុងពង្រីកសកម្មភាពក្នុងវិស័យផលិត និងនាំចេញឧស្ម័នធម្មជាតិរាវនេះដែរ ក្នុងនោះ ប្រទេសដែលលេចធ្លោជាងគេបន្ទាប់ពី កាតា គឺ អេមីរ៉ាតអារ៉ាប់រួម និង ប្រទេសអូម៉ង់។