Skip to content

កងទ័ព​តៃវ៉ាន់ បាញ់​គ្រាប់​បញ្ចេញ​ពន្លឺ​ដើម្បី​បណ្ដេញ​យន្តហោះ​ចិន នៅក្បែរ​កោះ​ជួរមុខ

អង្គភាព​ការពារ​កោះ​តៃវ៉ាន់ បាន​បាញ់​គ្រាប់​បញ្ចេញ​ពន្លឺ ដើម្បី​បណ្ដេញ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅ​តំបន់​កោះ Kinmen របស់ តៃវ៉ាន់ ដែល​ស្ថិតនៅ​កៀក​នឹង ចិនដីគោក។

Chang Zone-sung មេបញ្ជាការ​កងទ័ព​នៅ ប្រជុំ​កោះ Kinmen បានឱ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) មួយគូ​របស់ ចិនដីគោក បាន​ចូលមក​តំបន់​ប្រជុំ​កោះ Kinmen របស់ តៃវ៉ាន់ ចំនួន ២ លើក​ជា​បន្តបន្ទាប់ កាលពី​ព្រលប់​ថ្ងៃទី ០៣ សីហា។

«ភ្លាមៗនោះ យើង​បាន​បាញ់​គ្រាប់​បញ្ចេញ​ពន្លឺ​ដើម្បី​ព្រមាន និង​បណ្ដេញ ដោយសារ UAV ទាំងនេះ​បាន​ចូលមក​​កាន់​​តំបន់​ហាម​ឃាត់​របស់​កោះ។ យើង​ធ្វើ​សកម្មភាព​ទៅតាម​ដំណាក់កាល ហើយនឹង​ប្រតិកម្ម​បើសិន UAV ទាំងនោះ​បន្ត​បង្ហាញខ្លួន» ឧ​ត្ត​ម​សេនីយ៍​ទោ Chang បញ្ជាក់​ដូច្នេះ។

យោងតាម​លោក Chang យន្តហោះ UAV ទាំងនេះ ត្រូវបាន​បញ្ជូនមក​ដើម្បី​ប្រមូល​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ការពារ​សន្តិសុខ​របស់ តៃវ៉ាន់ នៅលើ​កោះ​ជួរមុខ​ដូច Kinmen ជាទី​ដែលមាន​ការការពា​រយ៉ា​ង​រឹងមាំ និង​ស្ថិត​នៅក្បែរ ចិនដីគោក បំផុត។

អាជ្ញាធរ​ទីក្រុង​ប៉េកាំង មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើនេះ។

កាលពី​សប្ដាហ៍​កន្លង អាជ្ញាធរ​តៃវ៉ាន់ បានឱ្យដឹងថា បាន​បាញ់​គ្រាប់​បញ្ចេញ​ពន្លឺ​ដើម្បី​ព្រមាន UAV ១ គ្រឿង​នៅក្បែរ​ប្រជុំ​កោះ Matsu របស់ តៃវ៉ាន់ ដែល​ស្ថិត​នៅក្បែរ​ខេត្ត Fujiang របស់ ចិនដីគោក។

កងកម្លាំង​របស់ តៃវ៉ាន់ កំពុងស្ថិត​ក្នុងការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត នៅពេល ចិនដីគោក ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi ដែល​បាន​បណ្ដាលឱ្យ​ភាព​តានតឹង​នៅ ច្រក​សមុទ្រ​តៃវ៉ាន់ «ឡើង​កម្ដៅ​កាន់តែខ្លាំង»៕

Leave a Reply

Your email address will not be published. Required fields are marked *