ក្នុងប្រកាសរបស់ សេតវិមាន វេជ្ជបណ្ឌិត Kevin O’Connor ឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បន្តវិជ្ជមាននឹងវីរុសកូវីដ-១៩។
វេជ្ជបណ្ឌិត Kevin O’Connor ដែលជាអ្នកទទួលខុសត្រូវលើសុខភាពផ្ទាល់ខ្លួនរបស់ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានឱ្យដឹងថា មេដឹកនាំរូបនេះ កាលពីថ្ងៃទី ០២ សីហា បន្តទទួលបានលទ្ធផលវិជ្ជមាននឹងវីរុសកូវីដ-១៩។
ប្រកាសខាងលើក៏បានបញ្ជាក់ថា លោក បៃដិន នៅមានសុខភាពល្អ កម្លាំងមាំមួន បើទោះជាលោកមានអាការក្អកស្រាលៗជាថ្មី។ វេជ្ជបណ្ឌិត Kevin O’Connor បន្តថា ប្រធានាធិបតីអាម៉េរិក «មិនមានអាការក្ដៅខ្លួន និងមានអារម្មណ៍ល្អ»។
លោក ចូ បៃដិន បានឆ្លងកូវីដ-១៩ កាលពីថ្ងៃទី ២១ កក្កដា និងបានអវិជ្ជមាននឹងវីរុសនេះកាលពីពាក់កណ្ដាលសប្ដាហ៍មុន ប៉ុន្តែទទួលបានលទ្ធផលវិជ្ជមានឡើងវិញកាលពីចុងសប្ដាហ៍កន្លង។ វេជ្ជបណ្ឌិត O’Connor បានបកស្រាយថា នេះគឺជាបាតុភូត «រើឡើងវិញ» ដែលមានអត្រាទាបចំពោះអ្នកជំងឺដែលប្រើថ្នាំប្រឆាំងវីរុស Paxlovid៕