រដ្ឋាភិបាលចិន បានកោះហៅ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំង ដើម្បីរិះគន់ចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានសភាជាន់ទាបអាម៉េរិក Nancy Pelosi ដែលបានធ្វើទស្សនកិច្ចកោះតៃវ៉ាន់ កាលពីថ្ងៃទី ០២ សីហា។
ក្នុងការជជែកជាមួយ ឯកអគ្គរដ្ឋទូតអាម៉េរិក Nicholas Burns អនុរដ្ឋមន្ត្រីការបរទេសចិន Xie Feng បានសម្ដែង «ការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា» ចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានសភាជាន់ទាបអាម៉េរិក លោកស្រី Nancy Pelosi នៅ កោះតៃវ៉ាន់ ជាទីដែល ប៉េកាំង ចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ។
អនុរដ្ឋមន្ត្រីការបរទេសចិន Xie Feng បានថ្លែងថា សហរដ្ឋអាម៉េរិក «នឹងត្រូវបង់ថ្លៃសម្រាប់កំហុសឆ្គងនេះ» និងបានអំពាវនាវឱ្យ ទីក្រុងវ៉ាស៊ីងតោន ដោះស្រាយ «បញ្ហាខុសឆ្គង» ទាំងនេះជាបន្ទាន់ ក៏ដូចជាអនុវត្តវិធានការជាក់ស្ដែងដើម្បីដោះស្រាយផលប៉ះពាល់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi។
ប្រធានសភាជាន់ទាបអាម៉េរិក កាលពីថ្ងៃទី ០២ សីហា បានទៅដល់ កោះតៃវ៉ាន់ បើទោះជាមានការព្រមានធ្ងន់ៗពីសំណាក់ ទីក្រុងប៉េកាំង ក្នុងរយៈពេលច្រើនថ្ងៃមកនេះ។
ទោះបីជា អាជ្ញាធររបស់ប្រធានាធិបតី ចូ បៃដិន ត្រូវបានគេជឿថា បានជំទាស់ទៅនឹងដំណើរទស្សនកិច្ចទៅកាន់ កោះតៃវ៉ាន់ នេះក្ដី ប៉ុន្តែ អ្នកនាំពាក្យនៃ ក្រុមប្រឹក្សាសន្តិសុខជាតិនៅ សេតវិមាន John Kirby ថ្លែងថា លោកស្រី Pelosi មានសិទ្ធិទៅកាន់កន្លែងដែលលោកស្រីចង់ទៅ។
កងទ័ពចិន និយាយថា កងកម្លាំងរបស់ប្រទេសនេះកំពុងស្ថិតក្នុងការប្រកាសអាសន្នកម្រិតខ្ពស់ និងត្រៀមឆ្លើយតបនឹងដំណើរទស្សនកិច្ចនេះ។ អាជ្ញាធរចិន ប្រកាសថា នឹងធ្វើសមយុទ្ធយោធានៅជុំវិញ កោះតៃវ៉ាន់ ចាប់ពីថ្ងៃទីនេះ (០៣ សីហា)។
ស្ថាប័នការពារកោះតៃវ៉ាន់ បានឱ្យដឹងថា យន្តហោះយោធាចិន ជាង ២០ គ្រឿង បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះក្នុងថ្ងៃទី ០២ សីហា៕