ទីភ្នាក់ងារគ្រប់គ្រងបរិយាកាស និងមហាសមុទ្រអាម៉េរិក (NOAA) បានឱ្យដឹងថា ព្យុះព្រះអាទិត្យមួយ អាចនឹងវាយប្រហារលើផែនដីនៅថ្ងៃស្អែក។
ព្យុះព្រះអាទិត្យលើកនេះបង្កឡើងដោយ រន្ធកូរូណា (corona hole) ជាទីដែលរង្វង់ជុំវិញរន្ធនេះត្រជាក់ជាង ដូច្នេះវាក៏ងងឹតជាង និងមានកំហាប់ប្លាស្មាទាបជាងមធ្យមភាគ ស្ថិតនៅភាគនិរតីនៃ ព្រះអាទិត្យ។ វាបង្កើនល្បឿនរបស់ខ្យល់ព្រះអាទិត្យដោយការបាញ់វត្ថុធាតុជាឧស្ម័នមកខាងក្រៅជាខ្សែៗ។ នេះបើតាមអ្នកជំនាញផ្នែកអាកាសធាតុអវកាស Mike Cook មកពី NOAA។
បើទោះជាមានកម្លាំងខ្សោយបំផុត (G1) នៅក្នុងប្រព័ន្ធចំណាត់ថ្នាក់របស់ NOAA ដោយមានលទ្ធភាពតិចតួចក្នុងការបង្កផលប៉ះពាល់ដល់ប្រព័ន្ធផ្កាយរណបដែលកំពុងគោចរជុំវិញផែនដី ប៉ុន្តែអាចធ្វើឱ្យបណ្ដាញអគ្គិសនីនៅក្នុងតំបន់មួយចំនួនចុះខ្សោយ។ ព្យុះព្រះអាទិត្យនេះក៏អាចធ្វើឱ្យការមានការច្រឡំចំពោះសត្វដែលផ្លាស់ទីដោយប្រើប្រាស់ដែនម៉ាញេទិចក្នុងការកំណត់ទិសដៅ។
ប្រការនេះគឺដោយសារព្យុះព្រះអាទិត្យធ្វើឱ្យកក្រើកដល់អគ្គិសនីនៅក្នុងដែនម៉ាញេទិច និងដែនអ៊ីយ៉ូណូស្ពែរ (Ionosphere) របស់ផែនដី បណ្ដាលឱ្យតំបន់ដែលត្រូវបានកំណត់រូបរាងដោយម៉ាញេទិចត្រូវរងសម្ពាធ និងច្របូកច្របល់ដោយសារ «រលក» នៃភាគល្អិតថាមពលខ្ពស់។
នៅពេលភាគល្អិតថាមពលខ្ពស់ធ្វើអន្តរកម្មជាមួយបន្ទាត់ដែនម៉ាញេទិចពីក្បែរប៉ូលទាំងពីររបស់ផែនដី វាធ្វើឱ្យម៉ូលេគុលក្នុងបរិយាកាសដំណើរការ និងបញ្ចេញថាមពលក្នុងទម្រង់ពន្លឺ បង្កើតបានជារស្មីអូរ៉ូរ៉ា (Aurora) ចម្រុះពណ៌។ នៅក្នុងព្រឹត្តិការណ៍លើកនេះ ពន្លឺអូរ៉ូរ៉ា នឹងកើតឡើងជុំវិញប៉ូលខាងជើង។
កាលពីខែមុន ពោលគឺថ្ងៃទី ១៩ កក្កដា ផែនដីបានឆ្លងកាត់ព្យុះព្រះអាទិត្យម្ដងរួចហើយ ដែលបង្កើតបានពន្លឺអូរ៉ូរ៉ា ពណ៌ស្វាយ និងបៃតងយ៉ាងស្រស់ស្អាត អាចមើលឃើញនៅ កាណាដា និងភាគខាងជើងសហរដ្ឋអាម៉េរិក៕