ជនសង្ស័យ Tetsuya Yamagami ធ្លាប់បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Twitter និយាយអំពីគោលបំណងធ្វើឃាត អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ក្នុងពេលលោកកំពុងកាន់អំណាច។
Twitter កាលពីថ្ងៃទី ១៩ កក្កដា បានបង្កកគណនីរបស់ Yamagami ដែលបង្កើតឡើងតាំងពីខែតុលា ២០១៩ និងត្រូវបានដាក់ឈ្មោះថា «silent hill 333»។ ប៉ុន្តែ Twitter បានឱ្យដឹងថា Yamagami បានបង្កើតគណនីមួយផ្សេងទៀត នៅមុនអំឡុងខែតុលា ២០១៩។ គណនីនេះត្រូវបានបិទ ដោយសារតែបានរំលោភលើគោលការណ៍ «ហាមឃាត់ខ្លឹមសារដែលមានលក្ខណៈគំរាមកំហែងដោយហិង្សាចំពោះគោលដៅជាក់លាក់មួយ ក្នុងបំណងសម្លាប់មនុស្ស»។
Twitter បានឱ្យដឹងថា បណ្ដាញសង្គមនេះមិនអាចបញ្ចេញខ្លឹមសាររបស់អត្ថបទដែលអ្នកប្រើប្រាស់បានបង្ហោះ ក៏ប៉ុន្តែ បើយោងតាមប្រភពព័ត៌មានមួយចំនួន ខ្លឹមសារនោះបង្ហាញថា Yamagami មានបំណងធ្វើឃាត អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ យ៉ាងហោចក៏តាំងពី ៣ ឆ្នាំ មុន ជាពេលដែលលោកកំពុងកាន់អំណាច។
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស្ហីនហ្សូ អាបេ ( Shinzo Abe ) ត្រូវបានបុរសជាជនសង្ស័យម្នាក់បាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងកែច្នៃកាលពីព្រឹកថ្ងៃទី ៨ កក្កដានេះ នៅពេលលោកកំពុងថ្លែងសុន្ទរកសំឡេងឆ្នោតជូនសមាជិកបក្សប្រជាធិបតេយ្យសេរី (LDP) នៅចំពោះមុខប្រជាពលរដ្ឋជាច្រើនសិបនាក់។
យោងតាមប្រភពព័ត៌មានពី តួក្យូ នៅថ្ងៃទី ៨ កក្កដា ២០២២ Tetsuya Yamagami ដែលជាជនសង្ស័យក្នុងករណីឃាតកម្មលើ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន បានសារភាពថា ខ្លួនជាមេគំនិត។
ទូរទស្សន៍ NHK ដកស្រង់ប្រភពព័ត៌មានពីប៉ូលិស បានឱ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនមិនពេញចិត្តនឹង អតីតនាយករដ្ឋមន្ត្រី Abe និងមានបំណងធ្វើឃាតអ្នកនយោបាយនេះ។ សមត្ថកិច្ចប្រមូលបានកាំភ្លើងមួយដើមនៅកន្លែងកើតហេតុ ដែលហាក់ជាកាំភ្លើងកែច្នៃដោយខ្លួនឯង។
NHK ឱ្យដឹងថា ជនសង្ស័យធ្លាប់បម្រើការនៅក្នុងជួរកងទ័ពជប៉ុន ក្នុងរយៈពេល ៣ ឆ្នាំ ហើយបច្ចុប្បន្នរស់នៅក្នុងទីក្រុង Nara៕