បន្ទាប់ពីប្រធានាធិបតីអាម៉េរិក ទទួលបានលទ្ធផលតេស្តវិជ្ជមាននឹងកូវីដ-១៩ សេតវិមាន បានប្រកាសថា លោក ចូ បៃដិន បានឆ្លងកូវីដ-១៩ ប៉ុន្តែ មានអាការរោគស្រាល និងកំពុងធ្វើចត្តាឡីស័កនៅ សេតវិមាន។
លេខាផ្នែកសារព័ត៌មានប្រចាំសេតវិមាន បានអះអាងថា លោក បៃដិន មានសុខភាពល្អ នឹងបន្តបំពេញការងារទៅតាមតួនាទីក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។ ក៏ប៉ុន្តែ លោក Kevin O’Connor ដែលជាវេជ្ជបណ្ឌិតផ្ទាល់របស់លោក បៃដិន បានឱ្យដឹងថា ម្ចាស់សេតវិមាន មានអាការអស់កម្លាំង ហៀរសម្បោរ និងក្អកម្ដងម្ដាលតាំងតែពីព្រលប់ថ្ងៃទី ២០ កក្កដា។
លោក បៃដិន វ័យ ៧៩ ឆ្នាំ បានចាប់ផ្ដើមប្រើប្រាស់ Paxlovid ដែលជាថ្នាំប្រឆាំងវីរុសអាចជួយកាត់បន្ថយហានីភ័យធ្លាក់ខ្លួនឈឺធ្ងន់សម្រាប់អ្នកជំងឺកូវីដ-១៩។ ថ្នាំនេះទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ពីសំណាក់អាជ្ញាធរគ្រប់គ្រងអាហារ និងឱសថអាម៉េរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ មានអាការរោគពីស្រាល ដល់មធ្យម ចំពោះមនុស្សអាយុចាប់ពី ១២ ឆ្នាំឡើងទៅដែលមានហានិភ័យធ្លាក់ខ្លួនឈឺធ្ងន់កម្រិតខ្ពស់។ អ្នកជំងឺត្រូវតែមានការណែនាំរបស់វេជ្ជបណ្ឌិត បើសិនចង់ប្រើប្រាស់ថ្នាំនេះ។
នៅលើទំព័របណ្ដាញសង្គម ថ្មីៗនេះ លោក ចូ បៃដិន បានបញ្ជាក់ថា «ខ្ញុំបានចាក់វ៉ាក់សាំង ៤ ដូសរួចហើយ។ ខ្ញុំពិតជាមានសុខភាពល្អ និងបានសម្រេចកិច្ចការជាច្រើន។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញមិនខាន»។