សកម្មភាពធ្វើសមយុទ្ធយោធារបស់ ចិនដីគោក នៅក្បែរប្រជុំមួយនៅក្នុង សមុទ្រចិនខាងត្បូង ត្រូវបាន វៀតណាម ស្រែកថា «រំលោភបំពានអធិបតេយ្យភាព និងបង្កភាពស្មុគស្មាញនៅ សមុទ្រចិនខាងត្បូង»។
«យើងប្ដេជ្ញាប្រឆាំងតវ៉ាចំពោះសកម្មភាពរំលោភអធិបតេយ្យភាពទឹកដីរបស់ វៀតណាម ចំពោះប្រជុំកោះពីរគឺ Hoang Sa និង Truong Sa» អ្នកនាំពាក្យរងរបស់ ក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានប្រកាសនាថ្ងៃនេះ នៅពេលត្រូវបានសួរអំពីព័ត៌មានដែលថា ចិនដីគោក ប្រកាសបើកសមយុទ្ធយោធានៅក្បែរ ប្រជុំកោះ Paracel នៅ សមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យរងរបស់ ក្រសួងការបរទេសវៀតណាម ក៏បានរម្លឹកអំពីការតវ៉ានាពេលកន្លងរបស់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ដែលប្រឆាំងទៅនឹងសមយុទ្ធរបស់ ចិនដីគោក ផងដែរ។
ការតវ៉ាថ្មីបំផុតរបស់ វៀតណាម នេះ ត្រូវបានធ្វើឡើងក្រោយពី អាជ្ញាធរខេត្ត Hainan របស់ ប្រទេសចិន កាលពីថ្ងៃទី ១៥ កក្កដា បានប្រកាសហាមទូកកប៉ាល់ឆ្លងកាត់តំបន់សមុទ្រភាគខាងជើងនៃ ប្រជុំកោះ Paracel ចាប់ពីថ្ងៃទី ១៦ ដល់ ២០ កក្កដា ដើម្បីរៀបចំសម្រាប់ការធ្វើសមយុទ្ធយោធា។
ប្រជុំកោះ Paracel និងប្រជុំកោះ Spratly ដែល វៀតណាម ហៅថា Hoang Sa និង Truong Sa ត្រូវបានប្រទេសនានានៅជុំវិញតំបន់សមុទ្រចិនខាងត្បូង អះអាងថាជាកម្មសិទ្ធិរៀងៗខ្លួន ធ្វើឱ្យតំបន់សមុទ្រនេះក្លាយជាទីបង្ហាញសាច់ដុំដាក់គ្នារវាងមហាអំណាចចិន និង សហរដ្ឋអាម៉េរិក រួមនឹងការ «ពាក់មុខយក្សដាក់គ្នា» រវាងបណ្ដាប្រទេសដែលពាក់ព័ន្ធ៕