លោកស្រី ហ្សេឡែនស្គី ថ្លែងថា លោកស្រីថ្លែងជំនួសឪពុកម្ដាយរាប់លាននាក់ដែលព្រួយបារម្ភអំពីកូនចៅ ស្នើសូមឱ្យក្រុមអ្នកតាក់តែងច្បាប់របស់ សហរដ្ឋអាម៉េរិក ផ្ដល់ជំនួយជាអាវុធបន្ថែមទៀតដល់ អ៊ុយក្រែន។
ជំទាវទីមួយរបស់ អ៊ុយក្រែន លោកស្រី អូឡែណា ហ្សេឡែនស្គី កាលពីថ្ងៃទី ២០ កក្កដា បានបង្ហាញវត្តមាន ក្នុង សភាអាម៉េរិក នៅ រដ្ឋធានីវ៉ាស៊ីងតោន និងបានបញ្ចាំងបង្ហាញអំពីទិដ្ឋភាពកុមារនានារបស់ អ៊ុយក្រែន សើចលេងសប្បាយនៅមុនពេលបាត់បង់ជីវិតនៅក្នុងសង្គ្រាមជាមួយ រុស្ស៊ី។
ក្នុងចំណោមនោះក៏មានកុមារម្នាក់ដែលមានជំងឺប្រចាំកាយផងដែរ។ នាងកំពុងអង្គុយលើរទេះរុញ ហើយសើចសប្បាយ នៅក្នុងវីដេអូដែលម្ដាយនាងបានថត មួយម៉ោងមុនពេលបានបាត់បង់ជីវិតក្នុងករណីវាយប្រហារតាមផ្លូវអាកាសរបស់ កងកម្លាំងរុស្ស៊ី នៅ Vinnytsia កាលពីសប្ដាហ៍កន្លង។
«យើងចង់ឱ្យឪពុកម្ដាយគ្រប់រូបសុទ្ធតែអាចនិយាយប្រាប់កូនបានថា «ជូនពរកូនគេងលក់ស្កប់ស្កល់ នឹងមិនមានការវាយប្រហារតាមអាកាសទៀតទេ មិនមានការវាយប្រហារដោយមីស៊ីលណាទៀតឡើយ»។ តើបំណងប្រាថ្នានេះ ពិតជាច្រើនមែន ឬទេ?» លោកស្រី ហ្សេឡែនស្គី ថ្លែងដូច្នេះ។
លោកស្រី ហ្សេឡែនស្គី បានទទួលស្គាល់ថា ការដែលជំទាវទីមួយស្វែងរកជំនួយជាអាវុធ គឺជារឿងចម្លែក ប៉ុន្តែវាពិតជាមានសារសំខាន់ខ្លាំងណាស់។
អ៊ុយក្រែន ត្រូវការប្រព័ន្ធការពារដែនអាកាស «ដើម្បីរ៉ុក្កែតមិនសម្លាប់កុមារនៅលើរទេះរុញ» លោកស្រី ហ្សេឡែនស្គី ថ្លែងដូច្នេះ។ លោកស្រីបន្ថែមថា «សូមជួយដល់យើងខ្ញុំ ទប់ទល់នឹងសកម្មភាពដ៏រន្ធត់នេះចំពោះជនជាតិអ៊ុយក្រែន»។
លោកស្រី ហ្សេឡែនស្គី ក៏បានរម្លឹកដល់ករណីភេរវកម្មនៅ សហរដ្ឋអាម៉េរិក ថ្ងៃទី ១១ កញ្ញា និងអំពាវនាវសូមឱ្យប្រជាជនបាន «រស់នៅដោយមានសេរីភាព និងតាមចាប់ក្ដីស្រមៃ» ដូចនៅក្នុង សេចក្ដីប្រកាសឯករាជ្យរបស់សហរដ្ឋអាម៉េរិក។
ជំទាវទីមួយរបស់ អ៊ុយក្រែន បានជួបពិភាក្សាការងារជាមួយប្រធានាធិបតី បៃដិន កាលពីថ្ងៃទី ១៩ កក្កដា។ ទាំងលោក បៃដិន ទាំង សភាអាម៉េរិក សុទ្ធតែបានគាំទ្រការផ្ដល់អាវុធឱ្យ អ៊ុយក្រែន និងបានអនុម័តកញ្ចប់ជំនួយតម្លៃ ៤០ ពាន់លានដុល្លារ កាលពីខែឧសភា។ ប៉ុន្តែ ក្នុងស្ថានការណ៍ដែល រុស្ស៊ី កំពុងមានប្រៀបជាងនៅក្នុងតំបន់ភាគខាងកើត អ៊ុយក្រែន ត្រូវការការធានាចំពោះប្រភពផ្គត់ផ្គង់អាវុធដែលមានស្ថិរភាពជាងបច្ចុប្បន្ន រួមទាំងកាំភ្លើងធំរយៈចម្ងាយឆ្ងាយផងដែរ៕