ស្ថានទូតរុស្ស៊ី បានឱ្យដឹងថា កប៉ាល់ដឹកអាវុធមួយគ្រឿងរបស់ប្រទេសនេះ ត្រូវបានឃាត់នៅកំពង់ផែ Cochin ប្រទេសឥណ្ឌា។
«ស្ថានទូតរុស្ស៊ីប្រចាំឥណ្ឌា បានដឹងអំពីករណីឃាត់កប៉ាល់ដឹកទំនិញរបស់ រុស្ស៊ី នៅកំពង់ផែ Cochin របស់ ឥណ្ឌា។ លើកប៉ាល់នេះមានឧបករណ៍យោធាមួយឈុតដែលប្រគល់ឱ្យកងកម្លាំងប្រដាប់អាវុធឥណ្ឌា» សារព័ត៌មានឥណ្ឌា ANI ដកស្រង់សម្ដីរបស់ មន្ត្រីស្ថានទូតរុស្ស៊ី ឱ្យដឹងកាលពីថ្ងៃទី ១៩ កក្កដា។
ភាគីខាងរុស្ស៊ី បន្តថា បានបញ្ជូនសំណើទៅកាន់ ក្រសួងការបទេសឥណ្ឌា ដើម្បីឱ្យបកស្រាយអំពីហេតុការណ៍ដែលបានកើតឡើង ក៏ដូចជាស្នើឱ្យស្ថាប័ននេះ «គោរពដោយគ្មានលក្ខខណ្ឌចំពោះសិទ្ធិរបស់ម្ចាស់កប៉ាល់ រួមនឹងក្រុមនាវិករុស្ស៊ី»។
ទាក់ទិននឹងបញ្ហាខាងលើ ភាគីខាងឥណ្ឌា មិនទាន់មានប្រតិកម្មអ្វីនៅឡើយ។
កាលពីដើមខែនេះ កប៉ាល់ដឹកទំនិញ Zhibek Zholy ដែលដោតទង់ជាតិរុស្ស៊ី ក៏ត្រូវបានឃាត់នៅឯកំពង់ផែ Karasu ប្រទេសតួកគី បន្ទាប់ពីមានការសង្ស័យថា ដឹកធញ្ញជាតិខុសច្បាប់រាប់ពាន់តោនរបស់ អ៊ុយក្រែន ចាកចេញពីកំពង់ផែ Berdyansk ជាទីដែលគ្រប់គ្រងដោយកងទ័ពរបស់ រុស្ស៊ី។
ឥណ្ឌា និង ចិន គឺជាប្រទេសធំៗដែលមិនដាក់ទណ្ឌកម្មលើ រុស្ស៊ី ទាក់ទិននឹងសង្គ្រាមនៅ អ៊ុយក្រែន បើទោះមានសម្ពាធពី បស្ចិមលោក។ ប្រទេសទាំងពីរនេះ សុទ្ធតែបង្កើនការទិញប្រេងតម្លៃទាបរបស់ រុស្ស៊ី ក្នុងរយៈពេលច្រើនខែមកនេះ។
កាលពីសប្ដាហ៍កន្លង សហរដ្ឋអាម៉េរិក បានស្នើឱ្យ ឥណ្ឌា មិនអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញរបស់ រុស្ស៊ី ចូលចតក្នុងកំពង់ផែ ដើម្បីជាការដាក់ទណ្ឌកម្ម ប៉ុន្តែ ទីក្រុងញូវដែលី បានបដិសេធ៕