ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា ប្រទេសនេះត្រូវតែយកឈ្នះលើ រុស្ស៊ី ឱ្យបានមុនរដូវរងា ដើម្បីទប់ស្កាត់ ទីក្រុងមូស្គូ មានប្រៀបយូរអង្វែង។
«ប្រការដែលសំខាន់សម្រាប់យើង នោះគឺមិនត្រូវអូសបន្លាយសង្គ្រាមរហូតដល់រដូវរងា។ ក្រោយរដូវរងា នៅពេលដែល ជនជាតិរុស្ស៊ី មានពេលច្រើនដើម្បីស្ដារកម្លាំង ស្ថានការណ៍នឹងលំបាកជាងនេះឆ្ងាយ។ អ្វីដែលយើងត្រូវធ្វើ គឺការលុបបំបាត់លទ្ធភាពនេះ» Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ថ្លែងកាលពីថ្ងៃទី ១៩ កក្កដា។
លោក Yermak បានរម្លឹកឡើងវិញថា សម្ព័ន្ធមិត្តលោកខាងលិច គួរផ្ដល់អាវុធបន្ថែមទៀតដល់ អ៊ុយក្រែន និងបន្តថា លោកកំពុងរង់ចាំជំនួយខ្ទង់ពាន់លានដុល្លាររបស់ សហរដ្ឋអាម៉េរិក ក្រោមរូបភាពជំនួយជាអាវុធ និងហិរញ្ញវត្ថុ។
ច្បាប់ Lend-Lease (ឱ្យជួល-ឱ្យខ្ចី) សម្រាប់ការពារប្រជាធិបតេយ្យអ៊ុយក្រែន ឆ្នាំ ២០២២ ដែលប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានចុះហត្ថលេខាកាលពីខែឧសភា ដើម្បីពន្លឿនការបញ្ចេញកញ្ចប់ជំនួយ នឹងមានសុពលភាពទាំងស្រុងចាប់ពីខែក្រោយ។
«គោលដៅរបស់យើងគឺជ័យជម្នះ» លោក Yermak សង្កត់ធ្ងន់ដូច្នេះ និងបន្តថា ការចរចាជាមួយ រុស្ស៊ី ដែលកំពុងធ្វើឡើង សុទ្ធតែផ្ដោតទៅលើការរំដោះធញ្ញជាតិពីបណ្ដាកំពង់ផែដែលត្រូវបានបិទខ្ទប់ ពោលគឺមិនមែនស្វែងរកវិធីដើម្បីបញ្ចប់សង្គ្រាមឡើយ។
ឆ្លើយតបនឹងសំណួររបស់ Forbes Ukraine កាលពីថ្ងៃទី ១៨ កក្កដា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ក៏បានបញ្ជាក់ថា ទីក្រុងកៀវ នឹងចូលតុចរចារកសន្តិភាពឡើងវិញ លុះណាតែ ទីក្រុងមូស្គូ «បរាជ័យក្នុងសមរភូមិ»។
ចំណែកភាគីខាងរុស្ស៊ី លោក Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានប្រកាសថា ទីក្រុងមូស្គូ នឹងធ្វើគ្រប់យ៉ាងដើម្បីមានប្រៀបនៅលើ សមរភូមិអ៊ុយក្រែន៕