ចាប់ពីសប្ដាហ៍នេះ ជនជាតិអាហ្វហ្គានីស្ថាន ដែលសុំទិដ្ឋាការនឹងមិនត្រូវតម្រូវឱ្យបំពេញឯកសារទៅតាមទម្រង់ដោយឡែក ដើម្បីឱ្យពួកគេទទួលបានគោលនយោបាយពិសេសក្នុងការចូលទៅកាន់ទឹកដីរបស់ សហរដ្ឋអាម៉េរិក។
ក្រសួងសន្តិសុខមាតុភូមិអាមេរិក ថ្ងៃទី ១៩ កក្កដានេះ បានឱ្យដឹងថា អាជ្ញាធរប្រទេសនេះនឹងសម្រួលនីតិវិធីសុំទិដ្ឋាការ (វីសា) ពិសេសសម្រាប់ ជនជាតិអាហ្វហ្គានីស្ថាន ក្នុងនោះ អ្នកស្នើសុំទិដ្ឋាការគ្រាន់តែបំពេញ និងដាក់ពាក្យទៅតាមទម្រង់ឯកសារតែមួយគត់។
ក្នុងសេចក្ដីប្រកាសរួមមួយ រដ្ឋមន្ត្រីការបរទេសអាម៉េរិក Antony Blinken និង រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាម៉េរិក Alejandro Mayorkas ឱ្យដឹងថា ចាប់ពីសប្ដាហ៍នេះ ជនជាតិអាហ្វហ្គានីស្ថាន ដែលសុំទិដ្ឋាការនឹងមិនត្រូវតម្រូវឱ្យបំពេញឯកសារទៅតាមទម្រង់ដោយឡែកដូចមុនទៀតឡើយ។ នេះគឺជាគោលការណ៍ពិសេសដែលពួកគេទទួលបានក្នុងការចូលទៅកាន់ សហរដ្ឋអាម៉េរិក ក្រោយពីរបបប្រជាធិបតេយ្យនៅ អាហ្វហ្គានីស្ថាន បានដួលរលំ និងជំនួសដោយ របបតាលីបង់ ដែលប្រកាន់តឹង។
ការសម្រួលនីតិវិធីសុំទិដ្ឋាការនេះ នឹងជួយបង្កើនប្រសិទ្ធភាពក្នុងការកាត់បន្ថយឧបសគ្គ និងពន្លឿនដំណើរការនៃការផ្ដល់ទិដ្ឋាកា ជូន ជនជាតិអាហ្វហ្គានីស្ថាន ដែលភាគច្រើនចង់ចាកចេញពី របបតាលីបង់ សព្វថ្ងៃ៕