កាលពីថ្ងៃទី ១៨ កក្កដា ក្នុងសន្និបាតរដ្ឋមន្ត្រីការបរទេសរបស់ សហភាពអឺរ៉ុប (EU) ក្រុមមន្ត្រីតំណាងប្រទេសនានា បានឯកភាពគ្នាលើកញ្ចប់ទណ្ឌកម្មទី ៧ ដើម្បីប្រឆាំងនឹង រុស្ស៊ី ក្នុងនោះមានទាំងវិធានការទណ្ឌកម្មសំដៅលើអង្គការ និងបុគ្គលជាច្រើនបន្ថែមទៀតរបស់ រុស្ស៊ី ក៏ដូចជាការហាមនាំចូលមាសពីប្រទេសនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសឆែក ដែលជាប្រធានប្ដូរវេនរបស់ EU បានឱ្យដឹងថា សហភាពអឺរ៉ុប ត្រូវការកំណត់ឡើងវិញនូវទំនាក់ទំនងជាមួយ ទីក្រុងមូស្គូ បន្ទាប់ពីមានសង្គ្រាមនៅ អ៊ុយក្រែន។ យោងតាមរដ្ឋមន្ត្រី Lipavsky នៅចំពោះមុខសកម្មភាពថ្មីៗនេះរបស់ រុស្ស៊ី បណ្ដាគោលការណ៍ និងវិធីប្រព្រឹត្តរបស់ EU ចំពោះ រុស្ស៊ី ទៅតាមមូលដ្ឋានចាស់ គឺលែងត្រូវបានអនុវត្តទៀតហើយ។ សហភាពអឺរ៉ុប ត្រូវការពិនិត្យយុទ្ធសាស្ត្រយូរអង្វែង នៅក្នុងការទប់ទល់នឹង ទីក្រុងមូស្គូ។
នៅក្នុងកិច្ចប្រជុំ វិធានការដាក់ទណ្ឌកម្មថ្មីចំពោះ រុស្ស៊ី ជាមូលដ្ឋាន ត្រូវបានធ្វើបច្ចុប្បន្នភាពទៅតាមគោលការណ៍មុននោះ និងពុំមានការរឹតបន្តឹងណាមួយទាក់ទិននឹងបញ្ហានាំចូលថាមពល។
រដ្ឋមន្ត្រីការបរទេសហុងគ្រី Szijjarto យល់ថា កញ្ចប់ទណ្ឌកម្មថ្មីមិនរួមបញ្ចូលទណ្ឌកម្មដែលទាក់ទិននឹងបណ្ដាធនាគារ Gazprombank របស់ រុស្ស៊ី។ ប៉ុន្តែ មានការកែប្រែមួយចំនួន ដូចជា ការហាមនាំចូលមាសពី ប្រទេសរុស្ស៊ី និងការរឹតត្បិតលើការជួញដូរផលិតផលដែលត្រូវបានប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មយោធា និងការពារជាតិ។ល។
កញ្ចប់ទណ្ឌកម្មថ្មីនេះក៏បានបន្ថែមបុគ្គលចំនួន ៤៨ នាក់ និងអង្គការឯកជនចំនួន ៩ ស្ថាប័នរបស់ រុស្ស៊ី ទៅក្នុងបញ្ជីទណ្ឌកម្មចាស់ ក្នុងនោះក៏មាន ឧបនាយករដ្ឋមន្ត្រីម្នាក់របស់ រុស្ស៊ី និងមេដឹកនាំនយោបាយជាច្រើនរូបផ្សេងទៀត។
ជាងនេះ EU ក៏បានអនុម័តលើការសម្រេចចិត្តបែងចែកថវិកា ៥០០ លានអឺរ៉ូ ពីមូលនិធិសន្តិភាព សម្រាប់ជួយដល់ អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពការពារប្រទេសជាតិ នៅក្នុងសង្គ្រាមបច្ចុប្បន្ន៕