ប្រទេសបារាំង កាលពីថ្ងៃទី ១៨ កក្កដា បានឆ្លងកាត់រលកកម្ដៅកម្រិតខ្ពស់ នៅពេលសីតុណ្ហភាពនៅតំបន់ខ្លះឡើងដល់ជាង ៤០ អង្សាសេ ទន្ទឹមនឹងបញ្ហាភ្លើងឆេះព្រៃនៅភាគនិរតីនៅតែបន្តរាលដាល ធ្វើឱ្យព្រៃជាង ១៧,០០០ ហិកតាត្រូវឆេះខ្ទេច និងបង្ខំឱ្យប្រជាជនជាង ៣២,០០០ នាក់ ត្រូវភៀសខ្លួនជាបន្ទាន់។
យោងតាមប្រភពព័ត៌មានពី ប្រទេសបារាំង ក្នុងថ្ងៃទី ១៨ កក្កដា សីតុណ្ហភាពឡើងដល់ជាង ៤០ អង្សាសេ បានកើតឡើងនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងលិច ជាប់នឹងមហាសមុទ្រអាត្លង់ទិករបស់ បារាំង ដែលអូសបន្លាយពីភាគពាយព្យ ចុះមកភាគនិរតី ក្នុងនោះ សីតុណ្ហភាពនៅទីក្រុង Nantes ឡើងដល់ ៤២ អង្សាសេ និងតំបន់ Biscarrosse ឡើងដល់ ៤២.៦ អង្សាសេ។ សីតុណ្ហភាពក្បែរ ៤០ អង្សាសេក៏ត្រូវបានកត់ត្រានៅក្នុងទីក្រុងរាប់សិបផ្សេងទៀតក្នុងតំបន់ Bretagne និងនៅ រដ្ឋធានីប៉ារីស ផងដែរ។
ក្នុងថ្ងៃនេះ (១៩ កក្កដា) កម្ដៅខ្ពស់នឹងបន្តកើតមាននៅ ប្រទេសបារាំង ប៉ុន្តែ វាផ្លាស់ទីបន្តិចម្ដងៗទៅកាន់បណ្ដាខេត្តនៅភាគខាងកើត។ ចំណែក ទីក្រុងប៉ារីស ថ្ងៃនេះ សីតុណ្ហភាពអាចឡើងដល់ ៤១ អង្សាសេ។
អាកាសធាតុក្ដៅខ្លាំង ធ្វើឱ្យភ្លើងព្រៃដែលកំពុងឆេះ កាន់តែមានសភាពធ្ងន់ធ្ងរ។ ក្នុងខេត្ត Gironde នៅភាគនិរតី ភ្លើងព្រៃបានដុតបំផ្លាញព្រៃឈើអស់ជាង ១៧,០០០ ហិកតា និងបានបណ្ដាលឱ្យប្រជាជន ក៏ដូចជាទេសចរជាង ១៦,០០០ នាក់ទៀត ត្រូវភៀសខ្លួន។ រាប់ចាប់ពីថ្ងៃទី ១២ កក្កដា មានប្រជាជនជាង ៣២,០០០ នាក់ បានរត់ចោលផ្ទះ និងទីតាំងបោះតង់លម្ហែកាយ។
ក្រុមមន្ត្រីបារាំង បានបញ្ជូនកម្លាំងជិត ២,០០០ នាក់ និងប្រើប្រាស់យន្តហោះពន្លត់អគ្គិភ័យស្ទើរតែទាំងអស់ដើម្បីចូលរួមពន្លត់ភ្លើងព្រៃ ប៉ុន្តែ មិនទាន់គ្រប់គ្រងស្ថានការណ៍បាននៅឡើយ៕