ខ្មាន់កាំភ្លើងម្នាក់បានបាញ់រះទៅលើហ្វូងមនុស្ស បណ្ដាលឱ្យមានករណីស្លាប់ ៣ នាក់ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅជាយក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាម៉េរិក ក្រោយមកខ្មាន់កាំភ្លើងក៏ត្រូវបានប្រជាពលរដ្ឋបាញ់សម្លាប់។
ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា បានទទួលដំណឹងអំពីករណីបាញ់រះនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Greenwood Park ក្នុងទីរួមស្រុក Greenwood នៃរដ្ឋ Indiana នៅវេលាម៉ោងប្រហែល ១៨ ថ្ងៃទី ១៧ កក្កដា (ម៉ោង ៦ ថ្ងៃទី ១៨ កក្កដា នៅ ភ្នំពេញ)។
សាក្សីមួយចំនួនបានប្រាប់ថា ពួកគេបានឮសំឡេងផ្ទុះរបស់កាំភ្លើងចំនួនប្រហែល ២០ គ្រាប់ ចេញពីទីតាំងហូបចុករបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ។
អធិការប៉ូលិសរបស់ស្រុក Greenwood លោក James Ison បានឱ្យដឹងថា ករណីបាញ់រះនេះបានសម្លាប់មនុស្ស ៤ នាក់ ក្នុងនោះក៏មានជនសង្ស័យ រួមនឹងមនុស្ស ២ នាក់ផ្សេងទៀតត្រូវរងរបួស។ ជនសង្ស័យត្រូវបានគេដឹងថា ជាបុរសម្នាក់ដែលប្រដាប់ដោយកាំភ្លើងវែង និងគ្រាប់កាំភ្លើងជាច្រើនបង់ ប៉ុន្តែ សមត្ថកិច្ចមិនទាន់បង្ហើបឱ្យដឹងអំពីអត្តសញ្ញាណរបស់ជននេះនៅឡើយ។
បន្ទាប់ពីបានទទួលដំណឹងភ្លាម ក្រុមដោះមីនក៏ត្រូវបានបញ្ជូនទៅកាន់ Greenwood Park ដើម្បីស្វែងរកគ្រឿងផ្ទុះដែលអាចមាននៅទីនេះ។
ប៉ូលិសទីក្រុង Indianapolis របស់រដ្ឋ Indiana ក៏បានបញ្ជាក់ថា កំពុងជួយដល់ប៉ូលិស Greenwood។ ប៉ុន្តែ បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃអំពើបាញ់រះនេះនៅឡើយ។
សហរដ្ឋអាម៉េរិក ថ្មីៗនេះកើតមានហេតុការណ៍បាញ់រះលើហ្វូងមនុស្សជាញឹកញាប់។ ខ្មាន់កាំភ្លើង Robert Crimo កាលពីថ្ងៃទី ៤ កក្កដា បានបាញ់រះទៅលើហ្វូងមនុស្សដែលកំពុងហែក្បួនអបអរទិវាឯករាជ្យ បណ្ដាលឱ្យមនុស្ស ៦ នាក់បាត់បង់ជីវិត និងរាប់សិបនាក់រងរបួស។ មុននោះ ក៏មានករណីបាញ់រះមួយបានកើតឡើងនៅឯសាលាបឋមសិក្សា Ulvade រដ្ឋ Texas ផ្ដាច់ជីវិតមនុស្ស ២១ នាក់៕