Skip to content

ប្រធានាធិបតី​អាម៉េរិក ចេញបញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​

ប្រធានាធិបតីសហរដ្ឋ​អាម៉េរិក​​ លោក​ ចូ បៃដិន បាន​ចេញបញ្ជា​ឱ្យ​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង​នៅ សេតវិមាន​ បណ្ដា​អគារ​រដ្ឋ តំបន់​សាធារណៈ និង​មូលដ្ឋាន​កងទ័ព​ រហូត​ដល់​ដំណាច់​ថ្ងៃ​ទី ១០ កក្កដា ដើម្បី​រំលឹក​ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ដែលទើប​តែ​បាន​ទទួល​មរណភាព​​ក្នុងករណី​ឃាត​កម្ម​​កាលពី​ម្សិលមិញ​ (៨ កក្កដា)។

នៅ​ក្នុង​ប្រកាស​កាលពី​ម្សិលមិញ លោក បៃដិន សង្កត់ធ្ងន់ថា លោក Abe គឺជា​មិត្ត​ស្មោះ​ស្ម័គ្រ​របស់​ សហរដ្ឋ​អាម៉េរិក និង​ធ្លាប់​ធ្វើ​ការ​ជាមួយ​​ប្រធានាធិបតី​ទាំង​ឡាយ​របស់​បក្ស​ទាំង​ពីរ​ ដើម្បី​ពង្រឹង​សម្ព័ន្ធ​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ ក៏ដូចជា​ជំរុញ​ចក្ខុវិស័យ​ស្ដីពី​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ដែលប្រកប​ដោយ​​​សេរីភាព​ និង​បើក​ទូលាយ​។

ប្រធានាធិបតី​ បៃដិន ក៏​បាន​ផ្ញើការ​ចូល​រួម​រំលែក​ទុក្ខ​ដល់គ្រួសារ​លោក Abe។ លោក បៃដិន យល់​ថា ការ​វាយប្រហារ​បែប​នេះ​មិន​​ត្រូវ​បាន​ទទួលយក​ជា​ដាច់​ខាត​ ហើយ​អំពើហិង្សា​ទាក់ទង​នឹង​គ្រឿង​ផ្ទុះ​តែង​តែ​បន្សល់​ទុក​ស្លាកស្នាម​យ៉ាង​ជ្រៅ​នៅក្នុង​សហគមន៍​ដែល​រង​ផលប៉ះពាល់​។

លោក​ បៃ​ដិន ក៏​បាន​ឱ្យ​ដឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ ស្ថានទូត​ជប៉ុន នៅ វ៉ាស៊ីងតោន ដើម្បី​ចុះហត្ថលេខា​លើ​បញ្ជី​ចូល​រួម​រំលែក​ទុក្ខ​ បន្ទាប់​ពី​ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Abe បាន​ទទួល​មរណភាព​ដោយ​សារ​អំពើ​ឃាតកម្ម។ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក បញ្ជាក់​ថា «ជប៉ុន គឺជា​សម្ព័ន្ធ​មិត្ត​ដ៏​រឹង​មាំ​» របស់ សហរដ្ឋ​អាម៉េរិក៕

Leave a Reply

Your email address will not be published. Required fields are marked *