យោងតាមប្រភពព័ត៌មានពី តួក្យូ នៅថ្ងៃទី ៨ កក្កដានេះ Tetsuya Yamagami ដែលជាជនសង្ស័យក្នុងករណីឃាតកម្មលើ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ក្នុងថ្ងៃដដែលនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន បានសារភាពថា ខ្លួនជាមេគំនិត។
ទូរទស្សន៍ NHK ដកស្រង់ប្រភពព័ត៌មានពីប៉ូលិស បានឱ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនមិនពេញចិត្តនឹង អតីតនាយករដ្ឋមន្ត្រី Abe និងមានបំណងធ្វើឃាតអ្នកនយោបាយនេះ។ សមត្ថកិច្ចប្រមូលបានកាំភ្លើងមួយដើមនៅកន្លែងកើតហេតុ ដែលហាក់ជាកាំភ្លើងកែច្នៃដោយខ្លួនឯង។
NHK ឱ្យដឹងថា ជនសង្ស័យធ្លាប់បម្រើការនៅក្នុងជួរកងទ័ពជប៉ុន ក្នុងរយៈពេល ៣ ឆ្នាំ ហើយបច្ចុប្បន្នរស់នៅក្នុងទីក្រុង Nara។
ជប៉ុន គឺជាប្រទេសដែលគ្រប់គ្រងយ៉ាងតឹងរឹងទៅលើអាវុធជាតិផ្ទុះ។ ដូច្នេះ ករណីបាញ់ប្រហារដោយកាំភ្លើង ពិតជាកម្រកើតមាននៅប្រទេសនេះ។ យោងតាមសៀវភៅសរបស់ ស្ថាប័នប៉ូលិសជាតិ (NPA) ក្នុងឆ្នាំ ២០២០ ប្រទេសនេះមានការចាប់ខ្លួនចំនួន ២១ ករណី ទាក់ទិននឹងការប្រើប្រាស់អាវុធខុសច្បាប់ ក្នុងនោះមាន ១២ ករណីទាក់ទងនឹងក្រុមសង្គមងងឹត។
លោក Abe វ័យ ៦៧ ឆ្នាំ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងបានយូរជាងគេនៅ ជប៉ុន។ លោកបានជាប់ឆ្នោត និងកាន់តំណែងនេះជាលើកដំបូងកាលពីឆ្នាំ ២០០៦ ប៉ុន្តែ ត្រូវលាលែងនៅខែកញ្ញា ២០០៧ ដោយសារបញ្ហាសុខភាព។ លោក Abe បន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានជាប់ឆ្នោត កាន់តំណែងនេះជាថ្មីចាប់ពីឆ្នាំ ២០១២ រហូតដល់ពេលលាលែងម្ដងទៀតកាលខែសីហា ២០២០ ដោយសារជំងឺចាស់៕