Skip to content

នាយករដ្ឋមន្ត្រី​ជប៉ុន ថា ស្ថានភាព​របស់លោក Abe «ធ្ងន់ធ្ងរ​ខ្លាំងណាស់»

នាយករដ្ឋមន្ត្រី Kishida បានឱ្យដឹងថា ស្ថានភាព​របស់លោក Abe កំពុងមាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ក្រោយពី​ត្រូវគេ​លួច​ធ្វើឃាត ហើយ​ក្រុម​វេជ្ជបណ្ឌិត «កំពុង​ប្រយុទ្ធ» ដើម្បី​សង្គ្រោះ​ជីវិត​របស់គាត់។

«វិធីសាស្ត្រ​សង្គ្រោះបន្ទាន់​ទាំងឡាយ​ត្រូវបាន​អនុវត្ត ក្រុម​វេជ្ជបណ្ឌិត​កំពុង​ប្រយុទ្ធ​ដើម្បី​ដណ្ដើម​ជីវិត​ជូន​គាត់» នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង ទីក្រុង​តូ​ក្យូ នា​ថ្ងៃនេះ ស្ដីពី​បញ្ហា​ឃាតកម្ម​លើ​លោក Shinzo Abe ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​នៅពេល​លោក​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ទីក្រុង Nara ខេត្ត Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន។

«ខ្ញុំ​ត្រូវបាន​គេ​រាយការណ៍​ថា ស្ថានភាព​របស់គាត់​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់។ ខ្ញុំ​បួងសួង​សូមឱ្យ​អតីត​នាយករដ្ឋមន្ត្រី Abe រួច​ពី​គ្រោះថ្នាក់» លោក Kishida ថ្លែង​ដូច្នេះ និង​បន្ថែមថា សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​សមស្រប​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ និង​បាន​សង្កត់ធ្ងន់ថា ករណី​ផ្ទុះអាវុធ​គឺជា «សកម្មភាព​ដែល​មិនអាច​អត់ឱន​ឡើយ»។

មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ បក្ស​ប្រជាធិបតេយ្យ​សេរី បានឱ្យដឹងថា លោក Abe កំពុង​ត្រូវបាន​បញ្ចូល​ឈាម ហើយ​ស្ថានភាព​របស់គាត់ «ពិតជា​គួរឱ្យ​បារម្ភ​ខ្លាំងណាស់»។

យោងតាម​ភ្នាក់ងារ​សារព័ត៌មាន​របស់ Asahi Shimbun ជនសង្ស័យ​ឈរ​ចម្ងាយ​ប្រហែល ៥ ម៉ែត្រ ពី​លោក Abe និង​បាញ់ ២ គ្រាប់​សំដៅទៅ​គាត់។ ភ្លាមនោះ លោក Abe ក៏​ដួល​ទៅលើ​ដី ហើយ​ឈាម​ក៏​ហូរ​ចេញ​ពេញ​ដើមទ្រូង។

លោក Abe ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Nara ដើម្បី​សង្គ្រោះបន្ទាន់។ លោក Abe បានដឹងខ្លួន​វិញ​នៅពេល​ដឹក​តាម​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​ក្រោយមក​ក៏​សន្លប់​ទៀត នេះ​បើតាម​ប្រភពព័ត៌មាន​ជប៉ុន។

Leave a Reply

Your email address will not be published. Required fields are marked *