Skip to content

ជនសង្ស័យ​ក្នុងករណី​បាញ់ប្រហារ​នៅ​ពិធីបុណ្យ​ឯករាជ្យ​អាម៉េរិក ត្រូវបាន​ចាប់ខ្លួន!

សមត្ថកិច្ច​នៅ Highland Park បានកំណត់​អត្តសញ្ញាណ និង​ចាប់បាន​ជន​ដែល​គួរឱ្យ​សង្ស័យ​នៅក្នុង​ករណី​បាញ់ប្រហារ​កាលពី​ថ្ងៃទី ៤ កក្កដា ដែល​បាន​ស្លាប់​មនុស្ស​យ៉ាងតិច ៦ នាក់ នៅក្នុង​ពិធី​ដង្ហែ​ក្បួន​អបអរ​ទិវា​ឯករាជ្យ​អាម៉េរិក។

Lou Jogmen ដែលជា​ស្នងការ​ប៉ូលិស​ក្រុង Highland Park នៃ​រដ្ឋ Illinois សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ៤ កក្កដា បានឱ្យដឹងថា Robert E. Crimo III អាយុ ២២ ឆ្នាំ គឺជា​ជនសង្ស័យ​ដែល​ទាក់ទិន​នឹង​ករណី​បាញ់ប្រហារ​លើ​ហ្វូងមនុស្ស​ដែល​កំពុង​ហែ​ក្បួន​អបអរ​ទិវា​បុណ្យ​ឯករាជ្យ។ ក៏ប៉ុន្តែ មន្ត្រីប៉ូលិស​រូបនេះ​និយាយថា ជននេះ​មិនទាន់​ត្រូវបាន​ចាត់ទុកថា​ជា​ជនសង្ស័យ​ពេញលេញ​នៅឡើយ។

ក្រុមមន្ត្រី​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​មូលហេតុ​ដែល Crimo ត្រូវបាន​កំណត់ថា​ជា​ជន​គួរឱ្យ​សង្ស័យ​នោះទេ។ អង្គភាព​ប៉ូលិស​មួយ​នៅ Chicago ខាងជើង បានឃើញ Crimo និង​បាន​ដេញតាម និង​ចាប់ខ្លួន​ជននេះ​នាំទៅ​កាន់​ការិយាល័យ​ប៉ូលិស Highland Park។

អាជ្ញាធរ​ក្នុង​តំបន់​បាន​រកឃើញ​កាំភ្លើង​មួយ​ដើម​នៅលើ​ដំបូលផ្ទះ​ក្បែរ​កន្លែងកើតហេតុ និង​បាន​បន្ថែមថា ករណី​បាញ់ប្រហារ​នេះ​គឺ «មាន​ចេតនា»។

ករណី​បាញ់ប្រហារ​នេះ​កើតឡើង​ប្រហែល ១០ នាទី បន្ទាប់ពី​ក្បួន​ដង្ហែ​បានចាប់ផ្ដើម​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង Highland Park កាលពី​ព្រឹក​ថ្ងៃទី ៤ កក្កដា បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រត់​យករួចខ្លួន។ អាជ្ញាធរ​ឱ្យដឹងថា យ៉ាងតិចណាស់​មាន​មនុស្ស ៦ នាក់​បាន​ស្លាប់ និង ៣១ នាក់​រងរបួស​ក្នុង​ហេតុការណ៍​នេះ។

ហេតុការណ៍​នៅ Highland Park នេះ កើតឡើង​ជាង​មួយខែ​បន្ទាប់ពី​ករណី​បាញ់ប្រហារ​នៅ​សាលាបឋមសិក្សា​មួយ​នៅ Uvalde រដ្ឋ Texas សហរដ្ឋ​អាម៉េរិក ដែល​បានសម្លាប់​មនុស្ស ២១ នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន ១៩ នាក់​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *